បញ្ហាកោះហ្គ្រីលែន

បញ្ហាកោះហ្គ្រីនលែនកាន់តែក្ដៅគគុក ក្រោយដាណឺម៉ាកព្រមានប្រើច្បាប់«បាញ់មុនចាំសួរក្រោយ» ក្រោយអាម៉េរិកប៉ុនប៉ងដណ្តើមយកកោះមួយនេះ


ភាពតានតឹងជុំវិញបញ្ហាអធិបតេយ្យភាពកោះហ្គ្រីនលែន (Greenland) កាន់តែឡើងកម្តៅ បន្ទាប់ពីលេចធ្លាយព័ត៌មានថា សហរដ្ឋអាម៉េរិកនៅតែចិញ្ចឹមចង់គ្រប់គ្រងដែនកោះមួយនេះ ទោះបីជាត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយ។
បញ្ហាកោះហ្គ្រីលែន
ដោយ

កាលពីថ្ងៃទី៨ ខែមករា ឯកអគ្គរដ្ឋទូតរបស់ប្រទេសដាណឺម៉ាកលោក ចេស្ពើ ម៉ូលើរ សូរេនសេន (Jesper Møller Sørensen) និងលោក ចាខូប អ៊ីសបូសេតសេន (Jacob Isbosethsen) ប្រធានតំណាងរបស់កោះហ្គ្រីនលែនប្រចាំទីក្រុងវ៉ាស៊ីនតោនបានជួបពិភាក្សាជាមួយមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ដើម្បីពិភាក្សាជុំវិញការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលនៅតែចង់ដណ្តើមយកកោះហ្គ្រីនលែន ដោយប្រើកម្លាំងយោធា។

Story: យោងតាមប្រភពចំនួន៤ដែលដឹងពីបញ្ហានេះ មន្ត្រីអាមេរិកបានពិភាក្សាអំពីផែនការចំណាយប្រាក់ចន្លោះពី១០,០០០ដុល្លារដល់១០០,០០០ដុល្លារក្នុងម្នាក់ ផ្ដល់ជូនប្រជាជនកោះហ្គ្រីនលែន ដែលមានចំនួនប្រមាណ៥ម៉ឺន៧ពាន់នាក់ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចុះបញ្ចូលឱ្យពួកគេបោះឆ្នោតផ្ដាច់ខ្លួនពីប្រទេសដាណឺម៉ាក ដើម្បីមកចូលរួមជាមួយសហរដ្ឋអាម៉េរិកវិញ។ នេះជាផែនការមួយក្នុងចំណោមផែនការផ្សេងៗទៀត ដែលកំពុងត្រូវបានពិភាក្សាដោយសេតវិមានសម្រាប់ការដណ្ដើមយកកោះហ្គ្រីនលែន រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីកោះហ្គ្រីនលែនលោក ចេន ហ្វ្រេដេរិក នែលសេន (Jens-Frederik Nielsen) បានប្រតិកម្មយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលប៉ុនប៉ងចង់បានកោះនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា៖ «បានហើយ! ឈប់ស្រមើស្រមៃអំពីការពង្រីកទឹកដីរបស់អ្នកទៀតទៅ កោះហ្គ្រីនលែនមិនមែនសម្រាប់លក់ទេ!»។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែងប្រើកម្លាំងយោធា ដើម្បីដណ្តើមយកកោះហ្គ្រីនលែនរបស់លោក ត្រាំ ប្រទេសដាណឺម៉ាកបានរំឮកឡើងវិញនូវបទបញ្ជាការពារជាតិឆ្នាំ១៩៥២ ដែលអនុញ្ញាតឱ្យកងទ័ពប្រើប្រាស់ច្បាប់«បាញ់មុនចាំសួរក្រោយ»។ ក្រសួងការពារជាតិដាណឺម៉ាក បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមករា ថា បទបញ្ជានេះនៅតែមានប្រសិទ្ធភាពនៅឡើយ ដែលផ្ដល់អំណាចឱ្យយោធាអាចឆ្លើយតបភ្លាមៗចំពោះរាល់ការឈ្លានពាន ដោយមិនចាំបាច់រង់ចាំការអនុញ្ញាត ឬការប្រកាសសង្គ្រាមជាផ្លូវការនោះទេ។ កាសែត Berlingske របស់ដាណឺម៉ាកបានសង្កត់ធ្ងន់ថា ទោះបីជាមេបញ្ជាការនៅសមរភូមិមិនទាន់ដឹងពីស្ថានភាពសង្គ្រាម ក៏ត្រូវតែតបតភ្លាមៗ ដើម្បីការពារទឹកដី។

ចំពោះស្ថានការណ៍បន្ទាប់ទៀត ត្រូវបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) នឹងជួបជាមួយប្រេសិតពិសេសរបស់ដាណឺម៉ាកនៅសប្តាហ៍ក្រោយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


វៀតណាម រកឃើញកំណប់រ៉ែប្រេងដ៏ធំបំផុតមិនធ្លាប់មាននៅអាស៊ាននៅ២ទសវត្សរ៍មកនេះ

ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល Wood Mackenzie បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនផលិតប្រេងអាម៉េរិក Murphy Oil បានរកឃើញកំណប់រ៉ែប្រេងនៅវៀតណាម…

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៦៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ កើនឡើងជាង១៨%

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា នៅតែរក្សាបានភាពរឹងមាំ និងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ដោយសម្រេចបានជាង៦៥ពាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ