នាយករដ្ឋមន្ត្រីកោះ Greenland បាននិយាយថា ជម្លោះយោធាអាចនឹងផ្ទុះឡើង ហើយរដ្ឋាភិបាលរបស់លោកនឹងបង្កើតក្រុមការងារ ដើម្បីជួយប្រជាជនរៀបចំខ្លួនសម្រាប់ស្ថានការណ៍ចលាចលដែលអាចកើតមានចំពោះជីវិតរស់នៅប្រចាំថ្ងៃ ហើយការត្រៀមខ្លួននោះ រួមមានទាំងការបម្រុងទុកស្បៀងអាហារយ៉ាងហោចណាស់៥ថ្ងៃផងដែរ។
លោក ដូណាល់ ត្រាំ បានអះអាងថា កោះ Greenland ដែលជាទឹកដីរបស់ប្រទេសដាណឺម៉ាក មានសារសំខាន់សម្រាប់សន្តិសុខរបស់សហរដ្ឋអាម៉េរិក និងពិភពលោកទាំងមូល ដូចនេះសហរដ្ឋអាម៉េរិក ត្រូវតែកាន់កាប់កោះនេះឱ្យបាន។
ជាការឆ្លើយតបកាលពីពេលថ្មីៗនេះ ប្រទេសដាណឺម៉ាក និងប្រទេសមួយចំនួនផ្សេងទៀតដែលជាសមាជិកនៃអង្គការ NATO បានបញ្ជូនកងទ័ពទៅកាន់កោះ Greenland ដើម្បីពង្រឹងការការពារកោះនេះ។ ខណៈដែលការឈ្លានពានត្រូវបានគេមើលឃើញថា មិនទំនងកើតឡើង ការព្រមានរបស់នាយករដ្ឋមន្ត្រីនៃកោះ Greenland ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញកោះនៅតំបន់ទឹកកកអាក់ទិច នេះបន្តកើនឡើងកម្ដៅមិនឈប់៕
ដោយ: តែម សុខុម