នៅក្នុងសុន្ទរកថានៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា លោក ចាស៊ីម អាល់ ប៊ូដៃវី (Jassim al-Budaiwi) អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្របានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រើប្រាស់រាល់វិធានការចាំបាច់ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់លើការការពារច្រកផ្លូវសមុទ្រយុទ្ធសាស្ត្រ ដើម្បីធានាឱ្យបាននូវចរាចរណ៍នាវា និងការដឹកជញ្ជូនទំនិញប្រកបដោយសុវត្ថិភាព និងមិនមានការរអាក់រអួល។
យោងតាមទីភ្នាក់ងារព័ត៌មាន Al Jazeera អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា រដ្ឋសមាជិក GCC ទាំង៦រួមមានអារ៉ាប៊ីសាអ៊ូឌីត កាតា បារ៉ែន អូម៉ង់ គុយវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម ត្រូវតែមានវត្តមាននៅក្នុងការចរចា ឬកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ដើម្បីពង្រឹងសន្តិសុខតំបន់ និងបង្ការកុំឱ្យមានការវាយប្រហារកើតឡើងវិញនាពេលអនាគត។
បើតាមលោក ចាស៊ីម អាល់ ប៊ូដៃវី ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្របញ្ជាក់ជាថ្មីអំពីភាពចាំបាច់ក្នុងការបញ្ឈប់ការវាយប្រហារទាំងនេះជាបន្ទាន់ ដើម្បីស្តារសន្តិសុខ ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ព្រមទាំងធានាសុវត្ថិភាពនាវាចរណ៍ ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ និងការពារទីផ្សារថាមពលសកល។
គួររំលឹកថា អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនជាបន្តបន្ទាប់នៅទូទាំងមជ្ឈិមបូព៌ា រួមទាំងបណ្ដាប្រទេសឈូងសមុទ្រអារ៉ាប់ ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងប្រទេសនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ។
ដោយឡែក ក្នុងសុន្ទរកថានាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបង្កើនការវាយប្រហារលើអ៊ីរ៉ង់ឱ្យកាន់តែខ្លាំងក្លាក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ដើម្បីឈានទៅបញ្ចប់សង្គ្រាម និងធានាសន្តិសុខថាមពលពិភពលោក៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស