អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលការនាំចូលទំនិញពីថៃ នៅតែមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ បើទោះជាប្រជាពលរដ្ឋកម្ពុជា ខិតខំពហិការនោះ គឺដោយសារទំនិញថៃ ដែលជាវត្ថុធាតុដើមភាគច្រើននៅតែនាំចូលមកកម្ពុជា តាមរយៈផ្លូវទឹក និងតាមច្រកឡាវជាហូរហែរ។ បន្ថែមលើនេះ ទំនិញថៃ មួយចំនួន បានប្រើល្បិចផ្លាស់ប្តូរភាសាលើសំបកវេចខ្ចប់មកជាភាសាខ្មែរហើយនាំចូលមកលក់នៅក្នុងទីផ្សារកម្ពុជា ដែលធ្វើឱ្យពលរដ្ឋពិបាកចែងចែកថា ទំនិញណាជាទំនិញថៃ ទំនិញណាជាទំនិញកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ទោះបីជាច្បាប់ពាណិជ្ជកម្មមិនអាចហាមឃាត់ការនាំចូលទំនិញថៃ ចូលមកកម្ពុជាបានក៏ដោយ ប៉ុន្តែក្នុងស្មារតី និងមនសិការស្នេហាជាតិ ប្រជាពលរដ្ឋកម្ពុជា គួរតែបន្តធ្វើពហិការទំនិញថៃ បន្ថែមទៀត។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកត់សម្គាល់ថា ក្រោយពលរដ្ឋកម្ពុជា នាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ វាបានទាញទម្លាក់ទំហំនាំចូលទំនិញពីថៃ ឱ្យធ្លាក់ចុះមួយកម្រិតធំ ពិសេសទំនិញប្រើប្រាស់ប្រចាំថ្ងៃតែម្តង។ តែទោះជាយ៉ាងណាការនាំចូលគ្រឿងបង្គុំ និងវត្ថុធាតុដើមបម្រើក្នុងវិស័យឧក្សាហកម្មមួយចំនួននៅតែបន្តនាំចូលពីថៃ ដែលធ្វើឱ្យទំហំនាំចូលសរុបនៅក្នុងរយៈពេល៩ខែឆ្នាំនេះនៅតែស្ថិតក្នុងកម្រិតខ្ពស់។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានក្រើនរំលឹកដល់ពលរដ្ឋខ្មែរឱ្យបន្តធ្វើពហិការទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុលបន្ថែមទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងធម្យមក្នុងស្រុក។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់សរុបជាង២ពាន់លានដុល្លារធ្លាក់ចុះជាង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះកម្ពុជា នាំចូលទំនិញពីថៃ មានទំហំជាង១,៥ពាន់លានដុល្លារធ្លាក់ចុះជាង៣៣% ខណៈការនាំចេញទំនិញពីកម្ពុជា ទៅថៃវិញ មានទំហំជាង៥០០លានដុល្លារ ធ្លាក់ចុះជាង៦%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕