
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានខឹងសម្បារយ៉ាងខ្លាំង និងបានគំរាមថា លោកនឹងដាក់ពន្ធបន្ថែម១០០%លើទំនិញចិនចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងការរឹតបន្ដឹងការនាំចេញរ៉ែដីកម្រទៅកាន់សហរដ្ឋអាម៉េរិករបស់ចិន។ មិនតែប៉ុណ្ណោះលោក ត្រាំ ក៏បានគំរាមលុបចោលកិច្ចប្រជុំកំពូលជាមួយសមភាគីចិនលោក ស៊ី ជីនពីង នៅចុងខែនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះចំពោះការឡើងកម្តៅនៃសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ក្រសួងពាណិជ្ជកម្មចិនបានហៅការគំរាមកំហែងពន្ធរបស់លោក ត្រាំ ថា ជាគំរូធម្មតានៃស្តង់ដាពីរ។
ក្រសួងពាណិជ្ជកម្មរបស់ចិនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនបានប្រកាសពីការបង្កើនការត្រួតពិនិត្យការនាំចេញលើលោហៈកម្រមួយចំនួន ដោយដាក់កម្រិតលើការផ្ទេរបច្ចេកវិទ្យា ដែលគេត្រូវការនៅក្នុងការជីក និងចម្រាញ់រ៉ែកម្រ និងបច្ចេកវិទ្យាសម្រាប់ការផលិត និងការកែច្នៃវត្ថុធាតុដើមមេដែកផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ សហរដ្ឋអាម៉េរិកមានគម្រោងដាក់កំហិតលើការនាំចេញកម្មវិធីសំខាន់ ៗទាំងអស់ទៅកាន់ប្រទេសចិន ហើយលោក ត្រាំ ក៏បានផ្តល់សញ្ញាថា លោកអាចនឹងទប់ស្កាត់ការនាំចេញគ្រឿងបន្លាស់យន្តហោះរបស់ក្រុមហ៊ុន Boeing ទៅកាន់ប្រទេសចិនផងដែរ៕
ដោយ៖ សុខ មង្គល