ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តម វង្សី វិស្សុត ស្នើឱ្យចិនបង្កើនការវិនិយោគ និងនាំចូលពីកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរ


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីស្នើឱ្យចិនបង្កើនការនាំចូលផលិតផលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសកសិផល ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានភាពល្អប្រសើរ ក្រោយឯកឧត្តមសង្កេតឃើញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិននៅមានកម្រិតតូចនៅឡើយ បើធៀបនឹងការនាំចូលរបស់ចិនមកកម្ពុជា។
ឯកឧត្តម វង្សី វិស្សុត
ដោយ

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើឱ្យចិនបង្កើនការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗមួយចំនួនដូចជាកសិកម្ម ការផលិតចំណីសត្វ និងម្ហូបអាហារនៅកម្ពុជាផងដែរ។ គួរបញ្ជាក់កាលពីឆ្នាំ២០២៤ កន្លងទៅការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបានទំហំជាង១៥ពាន់លានដុល្លារអាម៉េរិក។

Story: ដើម្បីជំរុញទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនឱ្យកាន់តែមានភាពល្អប្រសើរ ក៏ដូចជាកាត់បន្ថយគម្លាតឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើឱ្យចិនបង្កើនការនាំចូលផលិតផល ជាពិសេសកសិផលពីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ បន្ថែមលើនេះ ឯកឧត្តម ស្នើឱ្យចិនបង្កើនការវិនិយោគលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជាដូចជាផលិតកម្មដំណាំស្វាយចន្ទី ដំណាំដំឡូងមី ផលិតកម្មចំណីសត្វ និងផលិតផលសាច់ ត្រី និងម្ហូបអាហារជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកផង និងនាំចេញមកប្រទេសចិន។ លើសនេះទៅទៀត ឯកឧត្តម វង្សី វិស្សុត សង្កេតឃើញថា ការនាំចេញទំនិញរបស់កម្ពុជាទៅចិននៅមានទំហំតិចតួចនៅឡើយ បើធៀបនឹងការនាំចូលរបស់ចិនមកកាន់ទីផ្សារកម្ពុជា។

ការស្នើបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនក្នុងអំឡុងពេល ឯកឧត្តម ដឹកនាំប្រតិភូចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ទន្ទឹមនឹងវាយតម្លៃខ្ពស់ចំពោះភាពរីកច្រើនរបស់ចិន ជាពិសេសនៅតំបន់ស្វយ័តក្វាងស៊ី ឯកឧត្តម វង្សី វិស្សុត បានចាត់ទុកមិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពដែលមិនអាចខ្វះគ្នាបាន ហើយបានចាក់ឫសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសទាំងពីរ ហើយការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើគ្រប់វិស័យ នៅប្រមាណ៣០ឆ្នាំកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់បានពីការរួមចំណែករបស់ប្រទេសចិនបានឡើយ។

នៅចំពោះមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីបានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជា«មិត្តភាពដែកថែប» ដែលរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ ហើយកិច្ចសហប្រតិបត្តិការចិន-កម្ពុជាកាន់តែមានភាពស៊ីជម្រៅលើគ្រប់វិស័យរហូតដល់មានការឯកភាពពន្លឿនការកសាង«សហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល» នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនកាលពីខែមេសា ឆ្នាំ២០២៥។ លោកបានបន្តថា នៅក្នុងក្របខណ្ឌនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាលើវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្ម អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងវេជ្ជសាស្ត្រ ព្រមទាំងវិស័យមួយចំនួនទៀត។

គួរបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិននៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥ សម្រេចបានទំហំជាង១២ពាន់៦៩៧លានដុល្លារអាម៉េរិកមានការកើនឡើង២៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំត្រឹមតែជាង១ពាន់លានដុល្លារប៉ុណ្ណោះ ខណៈចិននាំចូលមកកម្ពុជាមានទំហំរហូតដល់ជាង១១ពាន់លានដុល្លារអាម៉េរិក។ ដោយឡែកកាលពីឆ្នាំ២០២៤ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មសរុបជាង១៥ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

(ទីក្រុងណាននីង)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណ…

កម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលបន្ថែម២ដុល្លារនៅឆ្នាំ២០២៦

ទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ពិតមែន តែរាជរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ