នាទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ«នវានុវត្តន៍ ដើម្បីវឌ្ឍនភាពជាតិ» ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបំប្លែងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឱ្យឆ្ពោះទៅរកម៉ូដែលសេដ្ឋកិច្ចឌីជីថល ដែលផ្អែកលើចំណេះដឹង និងការច្នៃប្រឌិត។
ឯកឧត្តម បានលើកឡើងថា បច្ចេកវិទ្យាបានជ្រាបចូលគ្រប់សរសៃឈាម នៃសង្គមសេដ្ឋកិច្ច ដែលជួយបង្កើនផលិតភាព និងបង្កើតឱកាសការងារថ្មីៗជាច្រើន។ ទោះជាយ៉ាងណា ឯកឧត្តម បានព្រមានពី មុខពីរនៃបច្ចេកវិទ្យា ដោយម្ខាង វាគឺជាយានសម្រាប់ពន្លឿនការធ្វើទំនើបកម្ម ប៉ុន្តែម្ខាងទៀត បើកម្ពុជាចាប់យកមិនទាន់ពេល ឬខុសទិសដៅ វានឹងធ្វើឱ្យគម្លាតអភិវឌ្ឍន៍កាន់តែរីកធំ ព្រមទាំងហានិភ័យនៃឧក្រិដ្ឋកម្មសាយប័រ និងការបាត់បង់ការងារដោយសារស្វ័យប្រវត្តិកម្ម។
ក្នុងស្មារតី«អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ» ឯកឧត្តម បានជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នពង្រឹងការអនុវត្តផែនទីបង្ហាញផ្លូវឆ្នាំ២០៣០ ដោយផ្ដោតសំខាន់លើការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតតម្លៃបន្ថែមថ្មីៗ។ ឯកឧត្តម បានបន្ថែមថា កម្ពុជាអាចសម្រេចបាននូវការលោតផ្លោះ ឬ Leapfrog បាន លុះត្រាតែកម្ពុជាចេះប្រើប្រាស់របកគំហើញ ដែលមានស្រាប់មកធ្វើនវានុវត្តន៍ឱ្យស្របតាមតម្រូវការជាក់ស្ដែង។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវឱ្យមានការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលជាក់ស្ដែងនិយម តាមរយៈអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកតុល្យភាពរវាងការគ្រប់គ្រងតាមច្បាប់ និងសេរីភាពនៃការស្រាវជ្រាវ ក្នុងគោលដៅរុញច្រានកម្ពុជាឱ្យឈានទៅរកភាពរុងរឿងនាពេលអនាគត៕
អត្ថបទ សោម ស្រីពេជ្រ និង ខេមបូណូមីស