រូបិយប័ណ្ណ

លុយបាតឡើងថ្លៃកំពុងក្លាយជាវិញ្ញាសាមួយ ដែលទាមទារឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ត្រូវរកគន្លឹះដោះស្រាយបន្ទាន់


ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច និងតម្លៃរូបិយប័ណ្ណជាតិរបស់ប្រទេសនីមួយៗឱ្យមាននិរន្តភាពវាមិនមែនជារឿងងាយស្រួលនោះទេ។ រូបិយប័ណ្ណជាតិនីមួយៗកាលណាឡើងថ្លៃ ក៏មានបញ្ហា ហើយធ្លាក់ថ្លៃ ក៏មានបញ្ហា។ ជាក់ស្តែងការឡើងថ្លៃតម្លៃលុយបាតកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ ដែលជំរុញឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ត្រូវចាត់វិធានការ ដើម្បីដោះស្រាយលើបញ្ហានេះ។
រូបិយប័ណ្ណ
ដោយ

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) ជំរុញឱ្យមានការដោះស្រាយជាបន្ទាន់ជុំវិញបញ្ហាការកើនឡើងតម្លៃលុយបាត ដែលកំពុងគំរាមកំហែងដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច​។ ការជំរុញនេះធ្វើឡើងក្រោយលុយបាតរបស់ថៃ ៣១,៥៧បាតអាចប្តូរបាន១ដុល្លារអាម៉េរិក។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងសហព័ន្ធឧស្សាហកម្មថៃ លោក អនុទីន បានលើកឡើងថា លោកនឹងស្វែងរកការយល់ព្រមពីព្រះមហាក្សត្រសម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅចុងសប្តាហ៍នេះ ដើម្បីពន្លឿនការដោះស្រាយលើបញ្ហាលុយបាតឡើងថ្លៃ។

នាយករដ្ឋមន្ត្រីថ្មីរូបនេះ បានអះអាងថា លោក ឯកនិទិ និតិថាន់ប្រាផាស (Ekniti Nitithanprapas) ដែលនឹងចូលមកដឹកនាំក្រសួងហិរញ្ញវត្ថុថៃ នឹងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធលើបញ្ហានៃការឡើងថ្លៃប្រាក់បាត និងផលវិបាកសម្រាប់សេដ្ឋកិច្ច។

ប្រាក់បាតថៃ កាលពីសប្តាហ៍មុនបានស្ទុះឡើងខ្លាំងរហូតដល់៧,៩% ដែលជាកម្រិតមួយ ដែលអ្នកសេដ្ឋកិច្ចក្នុងប្រទេសនេះ កំពុងរិះរកមូលហេតុ និងចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយ។ បើតាមការលើកឡើងរបស់សហព័ន្ធឧស្សាហកម្មថៃ អត្រាប្តូរប្រាក់បាតដែលមាននិរន្តភាពសម្រាប់សេដ្ឋកិច្ចគួរតែស្ថិតក្នុងកម្រិតពី៣៤ ទៅ៣៥បាត ក្នុងមួយដុល្លារ។

ពាក់ព័ន្ធនឹងរឿងប្រាក់បាតឡើងថ្លៃនេះ ធនាគារកណ្តាលថៃ បានជួបពិភាក្សាជាមួយសមាគមពាណិជ្ជករមាស ដើម្បីដោះស្រាយផលប៉ះពាល់ នៃការជួញដូរមាសលើរូបិយប័ណ្ណរបស់ប្រទេស​នេះ បន្ទាប់ពីមានការឡើងថ្លៃយ៉ាងខ្លាំងនៃប្រាក់បាត។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation ការឡើងថ្លៃតម្លៃលុយបាតនេះកំពុងធ្វើឱ្យមានការសង្ស័យជុំវិញកំណើននាំចេញមាសរបស់ថៃ មកកាន់ទីផ្សារកម្ពុជា។ លោក ផនឆៃ ធីរ៉ាវេចា (Pornchai Thirraveja) ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ និងជាអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានលើកឡើងថា អាជ្ញាធរកំពុងពិនិត្យមើលរបាយការណ៍ថ្មីៗនេះ ដែលថា ការនាំចេញមាសរបស់ថៃ មកកម្ពុជា មានការកើនឡើងខ្លាំង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាធំៗអ្វីខ្លះ ដែលសង្កត់តម្លៃលំនៅឋាននៅចិន មិនឱ្យងើបខ្លួនរួច?

តម្លៃលំនៅឋានក្នុងប្រទេសចិន នៅតែបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដោយតម្លៃផ្ទះថ្មីនៅក្នុងទីក្រុងធំៗចំនួន៧០ បានធ្លាក់ចុះរហូតដល់ទៅ១១% កាលពីអំឡុង…

វៀតណាម វ៉ាដាច់ថៃ ក្លាយជាគោលដៅទេសចរណ៍កំពូលសម្រាប់ជនជាតិចិន

ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរកម្សាន្តមកកាន់ប្រទេសវៀតណាម កាន់តែច្រើននៅឆ្នាំនេះ ដែលជួយឱ្យវៀតណាម វ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ដ៏ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ