
លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះលោកបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនអំឡុងពេលវិបត្តិកូវីដ១៩ និងធានាបាននូវកំណើន និងភាពរឹងមាំនៅផ្នែកហិរញ្ញវត្ថុ។
លោក Dat ឡើងកាន់ដំណែងជំនួសលោក Andy Hewson និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុនហ៊ិននីគែន។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោក Andy បានពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅប្រទេសកម្ពុជា ដោយលោកបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកនិរន្តរភាព និងការប្រកបអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ផ្នែកចក្រាវិស័យបរិស្ថាន កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងពង្រឹងសុវត្ថិភាពនៅកន្លែងធ្វើការ។
លោក Dat បានមានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសដែលបានចូលកាន់តួនាទីជាអគ្គនាយកនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងបន្តកសាងកេរ្តិ៍ដំណែលដ៏ឆ្នើមដែលបន្សល់ទុកដោយលោក Andy។ ទីផ្សារនៅប្រទេសកម្ពុជា គឺជាទីផ្សារដែលមានការរីកលូតលាស់ និងពោរពេញដោយសក្តានុពល។ ហើយខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារដែលមានទេពកោសល្យ និងពោរពេញទៅដោយការប្តេជ្ញាចិត្តមួយនេះ ក្នុងគោលបំណងនាំអាជីវកម្មរបស់យើងទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ក្រុមហ៊ុនហ៊ិននីគែន បានប្រតិបត្តិការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។”

ជាមួយនឹងបទពិសោធន៍ការងារជាងមួយទស្សវត្សជាមួយក្រុមហ៊ុនហ៊ិននីគែន ទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី និងរួមបញ្ចូលបទពិសោធន៍ការងារនៅប្រទេសកម្ពុជាផងនោះ លោក Dat នឹងនាំមកជាមួយនូវទស្សនវិស័យជាសកល និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីទីផ្សារនៅប្រទេសកម្ពុជាក្នុងតួនាទីថ្មីមួយនេះ។ លោក គឺជាអ្នកដឹកនាំជនជាតិអាស៊ីជំនាន់ក្រោយ ដែលត្រូវបានគាំទ្រជាផ្នែកមួយនៃកម្មវិធីភាពជាអ្នកដឹកនាំសកលរបស់ក្រុមហ៊ុនហ៊ិននីគែន។
មុនពេលត្រឡប់មកបម្រើការនៅទីក្រុងភ្នំពេញជាថ្មីម្ដងទៀត លោក Dat បម្រើការជាអគ្គនាយក ក្រុមហ៊ុនហ៊ិននីគែន ឡាវ។ នៅក្នុងតួនាទីនោះ លោកបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការប្រកបដោយជោគជ័យ។ ក្រោមការដឹកនាំរបស់លោក Dat ក្រុមហ៊ុនហ៊ិននីគែន ឡាវ បានក្លាយជាក្រុមហ៊ុន ដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤ និង ២០២៥ និងបានក្លាយជាទីផ្សារធំជាងគេទីបួននៅក្នុងតំបន់។ ជាងនេះទៅទៀត លោកក៏បានជួយឱ្យក្រុមហ៊ុនហ៊ិននីគែន ឡាវ បង្កើនចំណែកទីផ្សាររបស់ខ្លួនទ្វេដង និងសម្រេចបានកំណត់ត្រាការលក់ថ្មីមួយ។
ក្នុងនាមជាអគ្គនាយក ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា អាទិភាពរបស់លោក Dat គឺបន្ដជំរុញការរីកចម្រើនតាមរយៈការធ្វើឱ្យអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ទទួលបានតែភាពរីករាយជាមួយផលិតផលស្រាបៀរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុនហ៊ិននីគែន។ លោកប្តេជ្ញាចិត្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអតិថិជន និងដៃគូអាជីវកម្ម ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តអភិវឌ្ឍន៍អ្នកដឹកនាំជនជាតិអាស៊ី លោក Dat មានគោលបំណងបំផុសគំនិតអ្នកដឹកនាំជំនាន់ក្រោយដែលជាជនជាតិខ្មែរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងនៅទីកន្លែងផ្សេងៗទៀត ដែលការធ្វើបែបនេះ បានចូលរួមពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងការជួយជំរុញភាពជាអ្នកដឹកនាំជនជាតិអាស៊ីនៅគ្រប់ទីតាំងប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។