សារព័ត៌មាន NBC news បានរាយការណ៍កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានបង្កើនសម្ពាធយ៉ាងខ្លាំងលើទីក្រុងតេអេរ៉ង់ ដោយព្រមានថា លោកអាចនឹងបើកការវាយប្រហារខាងយោធា និងប្រកាសដាក់ពន្ធ២៥%លើប្រទេស និងក្រុមហ៊ុនណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយរបបសាសនានិយមអ៊ីរ៉ង់។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៣ ខែមករា ម៉ោងនៅសហរដ្ឋអាម៉េរិកថា ចូរបន្តការតវ៉ា កាន់កាប់ស្ថាប័នរដ្ឋ និងកត់ឈ្មោះឃាតករ និងអ្នករំលោភបំពានសិទ្ធិមនុស្សទុក។ ហើយលោកបានបញ្ជាក់ទៀតថា ជំនួយជិតទៅដល់ហើយ ដែលជាសារផ្តល់ក្តីសង្ឃឹមសម្រាប់ក្រុមបាតុករក្នុងការបន្តសកម្មភាពរបស់ពួកគេ។
ជាការឆ្លើយតបមេដឹកនាំសាសនាជាន់ខ្ពស់អ៊ីរ៉ង់លោក អាយ៉ាតុលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) បានព្រមានអ្នកនយោបាយអាម៉េរិកឱ្យបញ្ឈប់ល្បិចកលរបស់ពួកគេ ហើយកុំប្រើប្រាស់ទាហានស៊ីឈ្នួលក្បត់ជាតិបង្កភាពចលាចលនៅលើទឹកដីអ៊ីរ៉ង់ឱ្យសោះ។ លោកបានគំរាមថា ទោះបើកចំហសម្រាប់ការចរចាផ្លូវការទូត តែអ៊ីរ៉ង់ក៏បានត្រៀមខ្លួនវាយបកសងសឹកអាម៉េរិក និងអ៊ីស្រាអែលវិញយ៉ាងចាស់ដៃផងដែរ ប្រសិនបើមានការវាយប្រហារណាមួយមកលើអ៊ីរ៉ង់។ ជាមួយគ្នានេះ ពិភពលោកកំពុងតាមដានជម្លោះរវាងមហាអំណាចទាំងពីរនេះយ៉ាងដិតដល់ ខណៈស្ថានភាពនៅអ៊ីរ៉ង់ចលាចលកាន់តែខ្លាំង៕
អត្ថបទ៖ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស