
អាជ្ញាធរជប៉ុន បានដាក់សំណើផ្លូវការទៅកាន់រដ្ឋាភិបាលប្រទេសជាច្រើនឲ្យជួយទប់ស្កាត់ពលរដ្ឋជប៉ុន កុំឱ្យចូលលេងល្បែងអនឡាញ តាមរយៈបិទកុំឱ្យពលរដ្ឋជប៉ុន អាចចូលទៅលេងល្បែងតាមគេហទំព័ររបស់កាស៊ីណូអនឡាញនានា នៅក្នុងបណ្តាប្រទេសទាំងនោះ។ ក្នុងនោះអាជ្ញាធរជប៉ុន បានដាក់សំណើទៅកាន់ប្រទេសកាណាដា, កូស្តារីកា, ហ្សកហ្ស៊ី, ម៉ាល់តា, កោះកូម៉ូរ៉ូ, កោះ Curacao នៅប្រទេសហូឡង់, ក៏ដូចជាកោះ Man and Gibraltar ក្រោមរដ្ឋបាលរបស់ចក្រភពអង់គ្លេស ដែលជាកាស៊ីណូ និងជាមជ្ឈមណ្ឌលផ្តល់សេវាកម្មល្បែងអនឡាញធំៗនៅលើពិភពលោក។
មន្ត្រីជប៉ុន អះអាងថា បើគ្មានការសហការពីដែនសមត្ថកិច្ចនៅតាមបណ្តាទីតាំងទាំងនេះទេ នោះកិច្ចខិតខំប្រឹងប្រែងក្នុងស្រុក ដើម្បីទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ នឹងមិនមានប្រសិទ្ធភាពនោះទេ។ បច្ចុប្បន្នអាជ្ញាធរជប៉ុន បានហាមប្រាមការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតឆ្លងព្រំដែនរួចហើយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនធំនៅតែចូលទៅកាន់គេហទំព័រនៅក្រៅប្រទេស ដូច្នេះហើយទើបមានការស្នើសុំកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង។ កាលពីឆ្នាំ២០២៤ កន្លងទៅ ប្រជាជនជប៉ុន បានចំណាយថវិការហូតដល់ទៅ៤៥ពាន់លានដុល្លារលើសេវាកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ៕
ដោយៈ សរ សុជាតិ