ទីផ្សារដំឡូងមី

តើកម្ពុជា មានផែនការបែបណា ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារដំឡូងមី ដែលថៃ កំពុងរឹតបន្តឹងការនាំចូល?


ដំឡូងមីជាដំណាំយុទ្ធសាស្រ្តដ៏សំខាន់មួយក្នុងវិស័យកសិកម្មកម្ពុជា ដែលអាចផ្តល់ប្រាក់ចំណូលមួយចំនួនក្នុងការជួយគាំទ្រសេដ្ឋកិច្ច តាមរយៈការនាំចេញទៅប្រទេសជិតខាងដូចជាវៀតណាម និងថៃជាដើម។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ប្រទេសថៃ ដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា បានរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា ដែលបញ្ហានេះកំពុងក្លាយជាក្តីបារម្ភមួយសម្រាប់ដំណាំមួយនេះ។ តើកម្ពុជា មានផែនការបែបណាក្នុងការជួយដោះស្រាយបញ្ហាទីផ្សារដំឡូងមីជូនកសិករ ក្រោយថៃរឹតបន្តឹងការនាំចូល?
ទីផ្សារដំឡូងមី
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កំពុងចរចាជាមួយអ្នកទិញជាជនចិន ដើម្បីនាំចេញដំឡូងមីទៅកាន់ទីផ្សារដ៏ធំប្រចាំតំបន់អាស៊ីនេះ ក្រោយប្រទេសថៃ រឹតបន្តឹងការនាំចូលកសិផលមួយនេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើប្រទេសថៃ ឈប់ទិញដំឡូងមីពីកម្ពុជា នោះប្រទេសថៃ អាចប្រឈមនឹងការខ្វះខាតវត្ថុធាតុដើមដើម្បីកែច្នៃនាំចេញទៅទីផ្សារប្រទេសចិន ហើយអាចធ្វើឱ្យតម្លៃដំឡូងមីមានការឡើង។ ការណ៍នេះត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ លើកឡើងថា វាអាចជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារចិន ដោយផ្ទាល់ផងដែរ។

​ដោយឡែកលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានលើកឡើងថា ការរឹតបន្តឹងរបស់ថៃ លើការនាំចូលដំឡូងមីរបស់កម្ពុជា នៅពុំទាន់បង្កក្ដីបារម្ភខ្លាំងនៅឡើយទេ ដោយសារមកទល់ពេលនេះ ការប្រមូលផលដំឡូងរបស់កសិករខ្មែរនៅមានចំនួនតិចតួចនៅឡើយ។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីទីផ្សារថៃ កម្ពុជា ក៏អាចផ្គត់ផ្គង់ដល់រោងចក្រក្នុងស្រុក និងធ្វើដំឡូងមីស្ងួត ព្រមទាំងការបង្វែរទៅទីផ្សារប្រទេសវៀតណាម និងទីផ្សារប្រទេសចិន ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ លោក បារម្ភថា បញ្ហាប្រឈមអាចនឹងកើតមាននៅអំឡុងចុងឆ្នាំ ប្រសិនបើភាពតានតឹងរវាងប្រទេសទាំងពីរនៅបន្តអូសបន្លាយ។ ស្ថិតក្នុងស្ថានភាពនេះ ប្រធានសមាគមរូបនេះ ជំរុញឱ្យកសិករបង្កើនសមត្ថភាពដាំដុះ ធ្វើយ៉ាងណាឱ្យដំឡូងមីមានគុណភាពស្របតាមតម្រូវការទីផ្សារ។

​ដោយឡែក លោក ស៊ិន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានចាត់ទុកការរឹតបន្តឹងការនាំចូលដំឡូងមីកម្ពុជា ពីសំណាក់ភាគីថៃ វាអាចជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការពង្រឹងទីផ្សារដំឡូងមីក្នុងស្រុក ហើយលោកបានជំរុញឱ្យកសិករដែលកំពុងប្រមូលផលកាប់ហាលសម្ងួត និងទុកលក់នាពេលខាងមុខ។

​សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាឱ្យនាយកដ្ឋានពាណិជ្ជកម្មបរទេសរឹតបន្តឹងការត្រួតពិនិត្យការនាំចូលដំឡូងមីនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់លំហូរចូលនៃដំឡូងមីគុណភាពទាប ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃដំឡូងមីរបស់កសិករថៃ។ វិធានការនេះបានកើតឡើងស្របពេលដែលប្រទេសថៃ និងកម្ពុជា កំពុងមានភាពតានតឹងរឿងខ្សែបន្ទាត់ព្រំដែន និងឈានដល់ការបិទលែងឱ្យនាំចូលមុខទំនិញមួយចំនួន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ហេតុអ្វីច្រកសមុទ្រហ័រម៉ូស ជាចំណុចដ៏រំជើបរំជួលនៅក្នុងជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់?

បន្ទាប់ពីការវាយប្រហារដោយយន្តហោះបំបាំងកាយដែលជាស្ដេចបក្សីស្លាបដែកដ៏គ្រោះថ្នាក់ Air Force B-2 របស់សហរដ្ឋអាម៉េរិក លើរោងចក្រថាមពលនុយក្លេអ៊ែ …

តើជម្លោះព្រំដែនកម្ពុជា-ថៃ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងណាខ្លះដល់វិស័យទេសចរណ៍កម្ពុជា?

វិស័យទេសចរណ៍កម្ពុជា បានចាប់ផ្ដើមវិលទៅរកសកម្មភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ កាលពីឆ្នាំ២០២៤កន្លងទៅនេះ តែវិស័យនេះកំពុងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ