វិស័យអាកាសចរណ៍

អ្នកជំនាញរំពឹងអាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរ ការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច


អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ រំពឹងអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា នេះនឹងក្លាយជាមេដែកក្នុងការជួយស្រូបទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ឱ្យចូលមកកម្ពុជា កាន់តែច្រើន ដែលជាផ្នែកមួយសំខាន់ក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
វិស័យអាកាសចរណ៍
ដោយ

អាកាសយានដ្ឋាន ដែលជាប់ជាស្ថាបត្យកម្មដ៏អស្ចារ្យទាំង១១ នៅលើពិភពលោកប្រចាំឆ្នាំ២០២៥ នេះ មានសមត្ថភាពអាចឱ្យយន្តហោះធុនធំគ្រប់ប្រភេទអាចចុះចតបាន។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវអាកាសយានដ្ឋានអន្តរជាតិ តម្លៃប្រមាណ២ពាន់លានដុល្លារនៅព្រឹកនេះ ធ្វើឡើងក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាច្រើនរូបទៀត។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ កម្រិត 4F ដែលដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ អាកាសយានដ្ឋានអន្តរជាតិ ថ្មីនេះ មិនត្រឹមជួយជំរុញកំណើននៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរពីគ្រប់ទិសទីចេញចូលឆ្លងកាត់ប្រទេសកម្ពុជា នោះទេ តែវាក៏នឹងក្លាយជាមជ្ឈមណ្ឌលតក្ជាប់ជើងហោះហើរដ៏សំខាន់មួយនៅក្នុងតំបន់ផងដែរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

​​ជាមួយគ្នានេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL កត់សម្គាល់ឃើញថា ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ រួចមក តម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះមានសម្ទុះកើនឡើងជាបន្តបន្ទាប់ ហើយគម្រោងអភិវឌ្ឍន៍ផ្សេងៗ ក៏បានផុសត្រដែតឡើងនៅក្បែរៗនោះផងដែរ។ អ្នកជំនាញទាំងពីររូបនេះជឿជាក់ថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ វានឹងជួយជំរុញទីផ្សារ និងតម្លៃអចលនទ្រព្យនៅជុំវិញនោះឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ជាពិសេសជួយជំរុញការអភិវឌ្ឍ​តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញតែម្តង។

​ស្រដៀងគ្នានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា ក្រោយព្រលានយន្តហោះអន្តរជាតិ ដ៏ធំជាងគេរបស់កម្ពុជា ដាក់ឱ្យដំណើរការ វានឹងជួយជំរុញកំណើនការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ ឱ្យមានការកើនឡើងកាន់តែច្រើន ដែលនឹងជួយកាត់បន្ថយតម្លៃដឹកជញ្ជូន ជួយជំរុញការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគផងដែរ។ សម្រាប់លោក ធួន ស៊ីណាន ទោះបីព្រលានយន្តហោះនេះ អាចជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមមកកាន់កម្ពុជា ក៏ពិតមែន ប៉ុន្តែកម្ពុជា ត្រូវពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីអាចស្រូបទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្ពុជាតាមរយៈព្រលានយន្តហោះនេះ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ សាស្ត្រាចារ្យសេដ្ឋកិច្ច យល់ឃើញថា ក្រោយអាកាសយានដ្ឋានអន្តរជាតិ ថ្មីនេះ ដាក់ឱ្យដំណើរការ វានឹងក្លាយជាច្រកទ្វារអន្តរជាតិ ដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគគិនពីបរទេសឱ្យចូលមកកម្ពុជា បានកាន់តែច្រើន ដែលនឹងធ្វើឱ្យកម្ពុជា ក្លាយជាទីតាំងប្រកបដោយសក្ដានុពលនៅក្នុងតំបន់។

​គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ តេជោ​ ដែលចំណាយទុនសាងសង់អស់ប្រមាណជាង២ពាន់លានដុល្លារ​ ត្រូវបានសាងសង់ឡើងជាប្រភេទ 4F ដែលជាស្តង់ដាធំជាងគេនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាងសង់អាកាសយានដ្ឋាន ដែលមានសមត្ថភាពអាចឱ្យយន្តហោះធុនយក្សគ្រប់ប្រភេទ ដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន និងមានសមត្ថភាពស្វាគមន៍អ្នកដំណើរប្រចាំឆ្នាំរហូតដល់​១៣លាននាក់ បន្ទាប់ពីដំណាក់កាលទី១ដាក់ឱ្យដំណើរការ ហើយនឹងកើនឡើងជាលំដាប់រហូតដល់៣០លាននាក់នាពេលអនាគត។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ២,៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម សម្ពោធជាផ្លូវការអគារតាំងបង្ហាញថ្មីត្រាក់ទ័រ ចនឌារ សាខាខេត្តតាកែវ ជិតថ្នល់បែកគុស

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខត្រាក់ទ័រចនឌារ មកក…

អ្នកជំនាញជឿជាក់ថា ថៃ មិនអាចគេចវេះមិនដោះលែងទាហានកម្ពុជា ទាំង១៨រូប បាននោះទេ

ប្រមុខការទូតកម្ពុជា បានអះអាងថា ភាគីថៃនឹងដោះលែងកម្លាំងកម្ពុជា ទាំង១៨នាក់ ដែលថៃបានចាប់ និងឃុំខ្លួនដោយខុសច្បាប់ ក្រោយកម្ពុជា និងថៃ ចុះហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ