
ផ្លូវរថភ្លើងលឿនអាស៊ាន ដែលតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងចាប់ផ្ដើមបម្រើសេវាកម្មដឹកជញ្ជូនទំនិញតាមរថភ្លើងល្បឿនលឿននៅសប្តាហ៍ក្រោយ ដើម្បីជំនួសឱ្យការដឹកជញ្ជូនទំនិញតាមសមុទ្រ។ គម្រោងនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ និងថៃ បន្តទៅកាន់ម៉ាឡេស៊ី ដោយបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រសិទ្ធភាពក្នុងតំបន់។ ក្រៅពីបម្រើសេវាដឹកទំនិញ ផ្លូវរថភ្លើងល្បឿនលឿននេះ ក៏គ្រោងនឹងដឹកអ្នកដំណើរផងដែរ ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងតំបន់។
ការដាក់ឱ្យដំណើរការសាកល្បងលើកដំបូងផ្លូវរថភ្លើងនេះនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយរថភ្លើងនេះចេញដំណើរពីស្ថានីយដឹកទំនិញមួយក្នុងទីក្រុងសេឡានហ្គ័រ (Selangor) ប្រទេសម៉ាឡេស៊ី ហើយបានទៅដល់ទីក្រុងចុងកឹង ប្រទេសចិន នៅថ្ងៃទី១១ ខែកក្កដា ដោយដឹកគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម និងបានត្រឡប់ទៅដល់កន្លែងដើមវិញដោយជោគជ័យ៕
ដោយ៖ សុខ មង្គល