ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ


(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបន្តអញ្ជើញបំពេញបេសកកម្មជំរុញវិស័យវារីវប្បកម្ម ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ការបង្កើនផលិតភាព ការធ្វើពិពិធកម្ម ការជួយគាំទ្រក្នុងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពផលិតផលក្នុងស្រុក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

​​​ ដោយមាន​ការចូលរួមអមដំណើរពីសំណាក់ឯកឧត្ដមទេសរដ្ឋមន្រ្តី ថោង ខុន, ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ, ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, តំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារចុះមូលដ្ឋាន ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូអមដំណើរបានបន្តអញ្ជើញចុះ​ពិនិត្យ​ក្រុមអ្នកចិញ្ចឹមត្រី​ខ្នាតមធ្យម និងលក្ខណៈគ្រួសារ​ រួមមានការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ត្រីប្រា ត្រីពោ, សិប្បកម្មកែច្នៃត្រីងៀត, កន្លែងទទួលទិញ បង្កក ចែកចាយ និងនាំចេញផលនេសាទធម្មជាតិ និងសិប្បកម្មធ្វើប្រហុក ផ្អក ពងទាប្រៃ​ ពងទាសាប ពងទាកូន ដែលមានទីតាំងស្ថិតក្នុងឃុំចំណាក្រោម ឃុំសំព្រោជ ឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជារួម ពួកគាត់បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ពូជត្រី ចំណីត្រី ការទទួលនិងប្រើប្រាស់​ហិរញ្ញប្បទាន បច្ចេកទេសចិញ្ចឹម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត និងបញ្ហាទីផ្សារ ព្រមទាំងបញ្ហាការប្រកួតប្រជែងជាមួយនឹងការនាំចូលត្រីពីប្រទេសជិតខាង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា យោងតាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់ ច្បាស់លាស់ ប្រកប​​ដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្ដោតអាទិភាព​បន្តលើកកម្ពស់និងបង្កើនតម្លៃបន្ថែម​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាប្រភពសក្ដានុពលនៃកំណើ​ន ក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចការលើក​តម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ផ្អែកតាមសក្ដានុពលរបស់ខេត្តកំពង់ធំ ជាពិសេស​ទន្លេសាប និងស្ទឹងធំៗ ដែលអំណោយផលដល់ការជំរុញវារីវប្បកម្មក្នុងស្រុក ក្រុមការងារបានបន្តផ្ដោត​លើ​ការ​​សិក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការរៀបចំផែនការមេ ប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មមួយ ជាខ្សែ​​ច្រវាក់ផលិតកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់ពីការផលិតពូជ ការចិញ្ចឹម ការកែច្នៃ ទីផ្សារ​ និងការប្រកួតប្រជែង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក និងលើកស្ទួយ​​ការគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងបង្កើនសមត្ថភាព​​ក្នុងការនាំចេញ សំដៅបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច, បង្កើតឱកាសការងារ, ប្រាក់ចំណូលបន្ថែម និង​ធ្វើឱ្យ​​ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ក៏ដូចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក និងជវភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញ ព្រមទាំងសិប្បកម្មកែច្នៃ ឱ្យពង្រឹងសមត្ថភាព បង្កើនផលិតភាព គុណភាព និងសេវាកម្ម ដើម្បីឆ្លើយតប​​ទៅនឹងតម្រូវការ​ទីផ្សារ និងស្ដង់ដាទីផ្សារ និងត្រូវចេះសហការគ្នា ឱ្យក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងជាខ្សែច្រវាក់ផលិតកម្មរួមដ៏រឹងមាំ មាន​ភាពទាក់ទាញ និងមានតម្លៃបន្ថែមកាន់តែខ្ពស់ ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទាំងបរិមាណនិងគុណភាព។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យក្រុមការងារ​ចុះមូលដ្ឋានដែលទទួលបន្ទុកតាមវិស័យ ក្នុងខេត្តកំពង់ធំ ជាពិសេសក្រុមការងារ​លើកកម្ពស់​ជីវភាពប្រជាជន ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរ សហការជាមួយអាជ្ញាធរមូលដ្ឋាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាដៃគូ ដើម្បីសិក្សា និងរៀបចំចងក្រងជាបណ្ដុំ​អ្នកផលិត សមាគម ឬជាសហគមន៍, ផ្ដល់ការបណ្តុះបណ្ដាលជំនាញ​បច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម, ការផ្ដល់​ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមស្រប, ការជួយដោះស្រាយនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​ចាំបាច់នានា, នវានុវត្តន៍ម៉ាស៊ីនកែច្នៃ, ព្រមទាំងបង្កលក្ខណៈ​​​ងាយស្រួលដល់ដំណើរការនៃខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ ធានានូវចីរភាព ស្ថិរភាពនៃការផ្គត់ផ្គត់ ការតភ្ជាប់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ក្នុងគោលដៅគាំទ្រ ការពារ លើកស្ទួយផលិតផលក្នុងស្រុក និងការប្រកួតប្រជែង។

គួរបញ្ជាក់ដែរថា ស្រុកស្ទោងនៃខេត្តកំពង់ធំ តាំងពីដើមរៀងមក គឺជាទីតាំងពិសេសដែលមានការ​សម្គាល់ថាជាកន្លែងធ្វើវារីវប្បកម្មដ៏សំបូរបែប ពិសេសការកែច្នៃត្រីធ្វើជាត្រីងៀត ដើម្បីផ្គត់ផ្គង់ ចែកចាយក្នុងស្រុក និងបម្រើឱ្យការនាំចេញទៀតផង ហើយបច្ចុប្បន្ន មានគ្រួសារប្រជាពលរដ្ឋកំពុងចិញ្ចឹមត្រីចំនួន១១៥គ្រួសារ និងមានសិប្បកម្មកែច្នៃត្រីចំនួន ៦៥ទីតាំង។




អត្ថបទបន្ទាប់


ទីផ្សារអលនទ្រព្យនៅថៃបានដាំក្បាលចុះយ៉ាងគំហុកនៅក្នុងខែសីហា និងអាចបន្តធ្លាក់ចុះបន្ថែមទៀត

ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យបាននិយាយថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែសីហា ហើយត្រូវបានគេរំពឹងថា នឹងនៅតែមានស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ