ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ការចុះមកដល់ទីតាំងរោងចក្រកែច្នៃដំឡូងមី និងកៅស៊ូ ព្រមទាំងទីតាំងគម្រោងសាងសង់រោងចក្រកែច្នៃកសិ-ឧស្សាហកម្មចម្រុះនាពលនេះ គឺក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់អ្នកវិនិយោគ អ្នកផលិត សហគមន៍ និងប្រជាកសិករ ដើម្បីបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម និងការប្រកួតប្រជែង ព្រមទាំងលទ្ធភាពធ្វើឱ្យកាន់តែប្រសើរឡើងនូវការទាក់ទាញវិនិយោគ និងធុរកិច្ច ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនពួកគាត់ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរចុះបំពេញបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យរោងចក្រកែច្នៃដំឡូងមី ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ គួរបញ្ជាក់ដែរថា រោងចក្រកែច្នៃដំឡូងមីនេះ មានផ្ទៃដីទំហំ២២ហិកតា និងបានដំណើរការកែច្នៃចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដោយមានសមត្ថភាពផលិតជំហានដំបូងក្នុងដំណាក់កាលសាកល្បងប្រមាណ ៤០០០តោន ប៉ុន្តែបានផ្អាកដំណើរការទៅវិញរហូតមកទល់ពេលនេះ ដោយសារបញ្ហាទីផ្សារ។
បន្ទាប់មក នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរបានបន្តចុះពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ដែលជាគម្រោងវិនិយោគកសិ-ឧស្សាហកម្មចម្រុះ តាមរបៀបសេដ្ឋកិច្ចចក្រា។ ក្រុមហ៊ុនបានបោះទុនវិនិយោគចំនួន ២៥ លានដុល្លារអាម៉េរិក លើផ្ទៃដី ៥៧ហិកតា នៅឃុំពពក ស្រុកស្ទោង រួមមាន រោងចក្រកែច្នៃដំឡូងមី (ម្សៅដំឡូងមី និងដំឡូងមីចំណិត) ហើយកាកសំណល់ពីការកែច្នៃនេះ អាចផលិតជាជីសរីរាង្គ និងចំណីសត្វ ព្រមទាំងឧស្ម័នសម្រាប់សម្ងួតដំឡូងមីវិញ និងសម្រាប់ផលិតថាមពលអគ្គិសនីពីជីវម៉ាស ដោយរួមបញ្ចូលគ្នាជាមួយនឹងខ្សែច្រវាក់ផលិតកម្មគ្រាប់ឈើ និងរោងចក្របង្កកផ្លែឈើ ហើយគ្រោងនឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
តមកទៀត ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រតិភូ ក៏បានបន្តចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ.២ អភិវឌ្ឍន៍ កៅស៊ូ ឯ.ក និងក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមេន ឯ.ក ក្នុងភូមិសាស្ត្រស្រុកស្ទោង។ ក្រុមហ៊ុនទាំងពីរ បានវិនិយោគលើការដាំដុះនិងកែច្នៃកៅស៊ូ ដោយដាំដុះលើផ្ទៃដី១៦ ២៦៨,៦៨ហិកតា ប្រើទុនវិនិយោគសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងមានកម្មករសរុប ៣ ៦០០នាក់ ហើយក្នុងឆ្នាំ២០២៥នេះ បរិមាណជ័រកៅស៊ូកែច្នៃមានចំនួន ៤៨ ០០០តោន។
ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ឱ្យធ្វើការសិក្សាពីការអនុវត្តល្អៗពីរោងចក្រ ឬក្រុមហ៊ុនផ្សេងទៀត ដែលកំពុងដំណើរការបានល្អ ព្រមទាំងធ្វើការសិក្សារៀបចំផែនការឡូជីស្ទិក និងការប្រើប្រាស់ប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យគិតគូរអំពីផងដែរ អំពីការប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។
គួរបញ្ជាក់ដែរថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤ ០០០ ហិកតា ដោយទទួលបានទិន្នផលប្រមាណ ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣ ០០០ ហិកតាផងដែរ។