
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីខ្នាតធំមួយ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ផ្អែកតាមស្ថានភាពភូមិសាស្ត្រនិងសក្ដានុពលរបស់ខេត្តកំពង់ធំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល, ការចុះមកនេះ គឺដើម្បីពិនិត្យលើទិដ្ឋភាពជាក់ស្ដែងនៃដំណើរការនៃខ្សែចង្វាក់ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសនៃការចិញ្ចឹម ពូជត្រី ចំណីត្រី ចរន្តទឹក អគ្គិសនី សមត្ថភាពផលិត ទីផ្សារ និងការដឹកជញ្ជូន ក៏ដូចជាដើម្បីបានស្វែងយល់បន្ថែម ស្ដាប់នូវបញ្ហាប្រឈម និងការលំបាកនានារបស់ម្ចាស់ផលិតកម្មផ្ទាល់ដែលបានជួបប្រទះ រួចស្វែងរកដំណោះស្រាយ ជួយគាំទ្រ ជំរុញ និងលើកទឹកចិត្ត សំដៅលើកកម្ពស់ការផលិតក្នុងស្រុក ដោយ «យើងពុំគួរនាំចូលនូវអ្វីដែលយើងអាចផលិតខ្លួនឯងបាន ហើយនិងអាចប្រកួតប្រជែងបាន» ដើម្បីចូលរួមបង្កើតការងារ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាមការបញ្ជាក់របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន បានឱ្យដឹងថា កសិដ្ឋាននេះបានដំណើរការរយៈពេល៣ឆ្នាំមកហើយ ដែលមានផ្ទៃដីទំហំ៨០ហិកតា និងមានស្រះចិញ្ចឹមត្រីសរុប៩៦ស្រះ ក្នុងនោះត្រីរ៉ស់ចំនួន៨៧ស្រះ ត្រីអណ្ដែងចំនួន៣ស្រះ ត្រីប្រាចំនួន៣ស្រះ ត្រីសុងហ៊ឺចំនួន៣ស្រះ ហើយមានសមត្ថភាពផលិតជាមធ្យមចំនួន២៧តោនក្នុងមួយថ្ងៃ ក្នុងនោះត្រីរ៉ស់ពី២០ ទៅ២៥តោនក្នុងមួយថ្ងៃ សម្រាប់ចែកចាយនិងផ្គត់ផ្គង់ទៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងគោលដៅអតិថិជនផ្សេងៗមួយចំនួនទៀត ហើយកន្លងមកក៏ធ្លាប់ធ្វើការនាំចេញផងដែរ។ លោក តាន់ វណ្ណា ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការប្រកួតប្រជែងពីការនាំចូលពីប្រទេសជិតខាង និងការផ្គត់ផ្គង់ថាមពលអគ្គិសនីជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យបង្កើនសមត្ថភាពផលិតត្រីរ៉ស់នេះបន្ថែម និងគួរបង្កើនការចិញ្ចឹមប្រភេទត្រីផ្សេងទៀត ដូចជាត្រីប្រាជាដើម ដើម្បីបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច បង្កើតឱកាសការងារ ប្រាក់ចំណូលបន្ថែម និងផ្ដល់ការចូលរួមនូវខ្សែចង្វាក់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញកសិដ្ឋាន តាមរយៈផលិតកម្មតាមកិច្ចសន្យា ក្នុងគោលដៅលើកកម្ពស់សមត្ថភាពនៃផលិតកម្មក្នុងស្រុក ជំនួសឱ្យការនាំចូលផង និងបង្កើនសមត្ថភាពក្នុងការនាំចេញផង ពិសេសទីផ្សារប្រទេសចិន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងស្ថាប័នដែលចូលរួម សូមបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃខ្សែចង្វាក់ផលិតកម្ម និងផ្ដល់ការគាំទ្រនានា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធទៅតាមលទ្ធភាពដែលអាចធ្វើបាន សំដៅធ្វើយ៉ាងណាជួយលើកស្ទួយ និងការពារការផលិតក្នុងស្រុក ក៏ដូចជាជួយធានានូវភាពយុត្តិធម៌ក្នុងការប្រកួតប្រជែងជាមួយនឹងការនាំចូលត្រីពីសំណាក់ប្រទេសជិតខាង។

























