
ឯកឧត្តម Wei Tao បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥នេះ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។ ហើយវត្តមានជាលើកទី២ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយន្តការទំនាក់ទំនងចិន-អាស៊ាន។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺ «មិត្តភាពដែកថែប» ដែលរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ និងបានលើកឡើងថា កិច្ចសហប្រតិបត្តិការចិន-កម្ពុជាកាន់តែមានភាពស៊ីជម្រៅលើគ្រប់វិស័យ រហូតដល់មានការឯកភាពពន្លឿនការកសាង «សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល» នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០២៥។ ឯកឧត្តមបានបន្តថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងលើនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា លើវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្ម អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងវេជ្ជសាស្ត្រ ព្រមទាំងវិស័យមួយចំនួនទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំនៃតំបន់ស្វយ័តក្វាងស៊ី និងមានប្រសាសន៍ថាថ្នាក់ដឹកនាំកម្ពុជាតែងតែអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ គឺជាលើកទី២ ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះតំបន់ស្វយ័តក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ និងបានក្លាយជាមជ្ឈមណ្ឌល និងជាច្រកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសហគមន៍វាសនារួមចិន-អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនលើគ្រប់វិស័យរបស់តំបន់ស្វយ័តក្វាងស៊ី ក៏ដូចជាការសម្រេចរក្សានូវសុខដុមនីយកម្មប្រជាសាសន៍ ក្នុងបរិបទដែលតំបន់នេះសំម្បូរទៅដោយជនជាតិភាគតិច។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និយាយដោយឡែក។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពដែលមិនអាចខ្វះគ្នាបាន ហើយបានចាក់ឫសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេស
ទាំងពីរ ហើយការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើគ្រប់វិស័យ នៅក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់បានពីការរួមចំណែករបស់ប្រទេសចិនបានឡើយ។ ក្នុងឱកាសនេះផងដែរ

ឯកឧត្ដម វង្សី វិស្សុត បានបង្ហាញនូវក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានបន្តឡើងដល់ប្រមាណជាង ១៥.១៨៩ លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយក្នុងនោះ ទំហំពាណិជ្ជកម្មរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា មានទំហំរហូតដល់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក។ ឯកឧត្តមបានបន្តថា ទោះបីយ៉ាងណាក៏ដោយ ទំហំនៃការនាំចេញរបស់កម្ពុជាមកកាន់ប្រទេសចិន នៅមានចំណែកតូចនៅឡើយ បើធៀបនឹងការនាំចេញរបស់ចិនទៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំ
ភាគីចិន បង្កើនការនាំចូលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសលើកសិផលរបស់កម្ពុជា និងបង្កើនការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាផលិតកម្មដំណាំស្វាយចន្ទី ដំណាំដំឡូងមី ផលិតកម្មចំណីសត្វ និងផលិតផលសាច់ ត្រី និងម្ហូបអាហារជាដើម។ល។ ដើម្បីបម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញមកប្រទេសចិនផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ឯកឧត្តមអភិបាល ក៏បានផ្លាស់ប្តូរយោបល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និយាយដោយឡែក ឱ្យចេញជាលទ្ធផលផ្លែផ្កាជាក់ស្តែង។ ភាគីទាំងពីរក៏បានពិភាក្សា និងជំរុញការអនុវត្តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងគម្រោងដែលមានស្រាប់មួយចំនួនដូចជា ការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌនៃរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម, ច្រករបៀបឧស្សាហកម្មនិង
បច្ចេកវិទ្យា, ច្រករបៀងមច្ឆា និងអង្ករ, ការអភិវឌ្ឍវិស័យថាមពល, បច្ចេកវិទ្យាឌីជីថល ជាពិសេស AI,
ការអភិវឌ្ឍជំនាញ, សុខាភិបាល និងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងការជំរុញភ្ញៀវទេសចរពីតំបន់ស្វយ័តក្វាងស៊ីឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ដោយគ្មានបញ្ហាខាងសន្តិសុខ ក្នុង
ខណៈដែលកម្ពុជាទើបបានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ គឺអាកាសយានដ្ឋាន
អន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោ នៅភ្នំពេញ ដែលមាន
ស្តង់ដាកម្រិតខ្ពស់។
គួរបញ្ជាក់ដែរថា ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន និង
ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានទៅទស្សនកិច្ចមជ្ឈមណ្ឌល CHINA-ASEAN Artificial Intelligence Collaborative Innovation និងទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនចិន ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ដើម្បីបង្កើនការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន តាមរយៈគម្រោងវិនិយោគរបស់ចិនផងដែរ។


















