ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា


(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំបន្តពីកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះតំណាងគ្រប់ក្រសួងស្ថាប័នទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានរៀបចំ និងចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ទាំងក្នុងកម្រិតកិច្ចប្រជុំបច្ចេកទេសចង្អៀត និងទូលាយ សរុបរហូតទៅដល់ ១៥លើក និងក្នុងកិច្ចប្រជុំអន្តរក្រសួងលើកទី២ នាថ្ងៃនេះ ដើម្បីធានាឱ្យបាននូវសង្គតិភាព គុណភាព និងប្រសិទ្ធភាពនៃច្បាប់ ក៏ដូចជាដើម្បីបង្កើនកិច្ចសហការល្អ និងការយល់គ្នាពីគ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ពិសេសកុំឱ្យជាន់សមត្ថកិច្ចគ្នា តែបំពេញមុខងារឱ្យបានត្រឹមត្រូវ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ដើម្បីជាប្រយោជន៍ទៅដល់ការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថាសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានេះ គឺជាសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយ ហើយមិនត្រឹមតែមានសារៈសំខាន់តែក្នុងជ្រុងនៃទិដ្ឋភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុង​ការឆ្លើយតបទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងការអនុលោមតាមបទប្បញ្ញត្តិ​សំខាន់ៗ នៃច្បាប់អន្តរជាតិផ្សេងទៀត ដែលជាចំណុចដ៏សំខាន់និងចាំបាច់មួយ ក្នុងការទាក់ទាញការវិនិយោគ ធុរកិច្ច និងការធ្វើពាណិជ្ជកម្ម ដែលជាចន្ទល់ដ៏សំខាន់មួយនៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។

អង្គប្រជុំបានបន្តធ្វើការពិនិត្យនិងពិភាក្សាលើខ្លឹមសារលើមាត្រានីមួយៗ ដើម្បីធានានូវអនុលោមភាពតាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិទាក់ទិននឹងសុវត្ថិភាព និងសន្ដិសុខ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធានាដល់ការប្រកួតប្រជែង ការរួមចំណែកការពារបរិស្ថាន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ពិសេសការជំរុញអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ស្របតាមគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី បន្តធ្វើការសម្អាត និងកែសម្រួលនូវឃ្លាឃ្លោងមួយចំនួនទៀតពាក់ព័ន្ធនឹងសមត្ថកិច្ច ហើយចៀសវាងការចម្លងយកអនុសាសន៍ទាំងស្រុងរបស់ ICAO ។




អត្ថបទបន្ទាប់


កម្ពុជា ប្រកាន់គោលជំហរឥតងាករេ នឹងបញ្ជូនសំណុំរឿងវិវាទព្រំដែនជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាគោលជំហរឥតងាករេក្នុងការបញ្ជូនករណីវិវាទតាមខ្សែបន្ទាត់ព្រំដែនជាមួយថៃ នៅតំបន់រសើបមុំបី ប្រាសាទតាមាន់ធំ …

កសិករធ្វើស្រែដែលរងការជន់លិចជាច្រើនហិកតានៅស្រុកគិរីវង់ ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍

ក្រោយជួបគ្រោះរាំងស្ងួតធ្វើឱ្យខូចដំណាំស្រូវស្ទើរទាំងស្រុងកាលពីឆ្នាំមុន កសិករធ្វើស្រែមួយចំនួននៅអាងទឹកទន្លាប់ក្នុងស្រុកគិរីវង់ ខេត្តតាកែវ កំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ