ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន


(ទីក្រុងណាននីង)៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឱកាសនៃការចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ឯកឧត្តមអនុប្រធានាធិបតី Han Zheng បានបង្ហាញនូវក្តីរីករាយ និងបានវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី​ វិស្សុត ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពចិន-កម្ពុជា ពិសេសតាមរយៈតួនាទីជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាពេលកន្លងមក។ ឯកឧត្តមអនុប្រធានាធិបតី ក៏បានលើកឡើងថា ថ្មីៗនេះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងបានគូសបញ្ជាក់ផងដែរថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយចិនប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើ​​សាក​សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់ការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានសម្ដែងនូវការអបអរសាទរក្នុងឱកាស «ខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក» ដែលបានបង្ហាញអំពីភាពខ្លាំងក្លារបស់ប្រទេសចិន ទាំងផ្នែកសេដ្ឋកិច្ច យោធា និងនយោបាយ។ ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ផងដែរចំពោះរដ្ឋាភិបាលចិនដែលបានរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយជោគជ័យកន្លងមក ហើយ ឯកឧត្តម បានចាត់ទុកពិព័រណ៍ចិន-អាស៊ាន ជាវេទិកាសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន, ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ចិន ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់ ព្រមទាំងការផ្តល់នូវជំនួយមនុស្សធម៌ដល់ជនភៀសសឹក។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ​ វង្សី វិស្សុត បានកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយភាពជោគជ័យរបស់ឯកឧត្តមប្រធានាធិបតី​ ស៊ី ជីនពីង ទៅកាន់កម្ពុជាកាលពីខែមេសា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល Shanghai Cooperation Organization (SCO) Plus Summit របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីខែសីហាកន្លងទៅនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែប​កម្ពុជា-ចិន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ទន្ទឹមនេះ ប្រវត្តិសាស្ត្រក៏បានគូសបញ្ជាក់ដែរថា ចិននិងកម្ពុជាមាននិស្ស័យជាមួយគ្នា (Friends by destiny) និងបានចាក់ឫសជ្រៅរាប់សតវត្ស ហើយចំណងមិត្តភាពដ៏មានតម្លៃនេះត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាច្រើនជំនាន់ចាប់ផ្តើមពី ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រធាន ម៉ៅ សេទុង និង លោក ជូ​ អេនឡាយ និងត្រូវបានបន្តពូនជ្រំ ថ្នាក់ថ្នមដោយថ្នាក់ដឹកនាំជំនាន់ក្រោយ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។ ឯកឧត្តមបានគូសបញ្ជាក់ថា ចិនក៏តែងតែបង្ហាញថា ចិនជាមិត្តដែលពឹងពាក់បាន និងទុកចិត្តបាន ហើយនៅក្នុងបរិបទបច្ចុប្បន្ននេះ​ ក្នុងខណៈដែលពិភពលោកកំពុងរងនូវការបែកខ្ញែកនៃសណ្តាប់ធ្នាប់ កម្ពុជាគឺកាន់តែត្រូវការមិត្តចិន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ​ វង្សី វិស្សុត បានលើកឡើងផងដែរនូវលទ្ធផលផ្លែផ្កាជាក់ស្តែង និងទិសដៅជាអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការជំរុញទេសចរចិនទៅទស្សនាកម្ពុជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរឹតសម្ព័ន្ធមេត្រីភាពរវាងខេត្ត និងខេត្ត-ទីក្រុងរបស់ចិនជាដើម។ ឯកឧត្តមបានបន្តថា កម្ពុជាប្រកាន់ខ្ជាប់នូវ នយោបាយចិនមួយ ដោយគ្មានងាករេ និងបានល្អប្រសើរ ហើយកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗរបស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI), គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្ដួចផ្ដើមសន្ដិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) ជាពិសេសគំនិតផ្ដួចផ្ដើមអភិបាលកិច្ច AI សកល (Global AI Governance Initiative)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមអនុប្រធានាធិបតី បានពិភាក្សា និងផ្លាស់ប្តូរ​មតិយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេ្វភាគី ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសការជំរុញការនាំចូលកសិផល និងផលិតផលមួយចំនួនពីកម្ពុជាមកចិន នៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ការវិនិយោគលើហេដ្ឋារចនា
សម្ព័ន្ធ និងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។




អត្ថបទបន្ទាប់


តើរដ្ឋាភិបាល គួរអនុវត្ត ឬពន្យារពេលការយកពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យបន្តទៀត ឬយ៉ាងណា?

បើគ្មានការប្រែប្រួលទេ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ បន្ទាប់ពីបា…

ព្រលានយន្តហោះអន្តរជាតិ តេជោ ទទួលបានអ្នកដំណើរជាមធ្យម១ម៉ឺន៥ពាន់នាក់ក្នុងមួយថ្ងៃ

អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលបានបើកដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ