ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនាពេលព្រឹកនេះ ក៏ជាការជួបគ្នាក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមគ្នាត្រួតពិនិត្យវឌ្ឍនភាពការងារ ភាពខ្វះចន្លោះ និងបញ្ហាប្រឈម ព្រមទាំងការគិតគូរអំពីទិសដៅនិងក្របខ័ណ្ឌការងារទៅថ្ងៃមុខស្របតាមបេសកកម្មរបស់ខ្លួន ដោយម្ខាងអភិរក្សគុណតម្លៃនៃភាសានិងអក្សរសាស្រ្តខ្មែរ ដែលជាសមាសភាពស្នូលដ៏សំខាន់នៃអត្តសញ្ញាណជាតិ និងជាដួងព្រលឹងរបស់ជាតិយើង និងម្ខាងទៀតអភិវឌ្ឍការប្រើភាសានិងអក្សរខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ និងអាចតាមទាន់
ការវិវត្តនៃសកលលោកផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តលើកឡើងថា ភាសាមិនត្រឹមតែជាយាន ឬឧបករណ៍ក្នុងការស្វែងរកចំណេះដឹងប៉ុណ្ណោះទេ តែក៏បម្រើឱ្យទំនាក់ទំនងរវាងមនុស្ស និងការធ្វើសមាហរណកម្មជាមួយភាសាអន្តរជាតិ ព្រមទាំងបម្រើឱ្យការវិវត្តសង្គម-សេដ្ឋកិច្ចជាតិទាំងមូលថែមទៀត។ ដូចនេះ ការអភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរ កាន់តែសំខាន់ និងមានចរិតយុទ្ធសាស្រ្ត ពិសេសក្នុងបរិការណ៍បច្ចុប្បន្នដែលប្រទេសជាតិយើងកំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ព្រោះនេះជាផ្នែកមួយនៃការពង្រឹង និងការកសាងជាតិ ក្នុងក្របខ័ណ្ឌពង្រឹងអត្តសញ្ញាណជាតិ ដែលជាគុណតម្លៃមួយសំខាន់ណាស់ សម្រាប់បង្រួបបង្រួមជាតិ ឯកភាពជាតិ និងការការពារជាតិឱ្យកាន់តែរឹងមាំ និងជាមូលដ្ឋានដ៏រឹងមាំមិនអាចខ្វះបានសម្រាប់បម្រើឱ្យការអភិវឌ្ឍជាតិទៅថ្ងៃមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធាន អនុប្រធាន ទីប្រឹក្សា សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរទាំងអស់ ដែលបានខិតខំបំពេញការងារដោយបេះដូង មនសិការវិជ្ជាជីវៈ និងការស្រលាញ់ជាតិ រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ពិសេសវចនានុក្រមខ្មែរឆ្នាំ២០២២ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើទាំងជាសៀវភៅ និងជាទម្រង់ឌីជីថល កាលពីឆ្នាំ២០២៣ និងការបង្កើតនិងអនុម័តវាក្យសព្ទថ្មី ព្រមទាំងការស្រាវជ្រាវនិងបោះពុម្ពផ្សាយសទ្ទានុក្រម និងព្រឹត្តិបត្រសំខាន់ៗមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធការកំណត់គោលដៅអាទិភាពការងារ និងការពង្រឹងរបៀបរបបការងារ និងអភិក្រមការងារ ដើម្បីបង្កើនល្បឿន ប្រសិទ្ធភាព និងលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរបន្ថែមទៀត ស្របតាមបេសកកម្ម និងតួនាទីភារកិច្ចរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការបង្កើតពាក្យថ្មី ការខ្ចីពាក្យ និងគោលការណ៍ក្នុងការប្រើភាសា ទាំងក្នុងន័យអភិរក្ស និងអភិវឌ្ឍទន្ទឹមគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ពិតណាស់យើងត្រូវតែអភិរក្ស ប៉ុន្តែមិនមែនអភិរក្សងាប់ក្រឡាទេ ពោលគឺអភិរក្សដើម្បីរក្សាអត្តសញ្ញាណជាតិ ហើយក៏ដើម្បីការរីកចម្រើនយូរអង្វែង ព្រមទាំងដើម្បីដោះស្រាយបញ្ហាសង្គមជាតិ និងបម្រើឱ្យតម្រូវការនៃការអភិវឌ្ឍ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីភាសាខ្មែរ ដើម្បីបន្តលើកស្ទួយភាសានិងអក្សរខ្មែរ និងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្មភាសា ព្រោះការអភិវឌ្ឍភាសា មិនអាចមើលរំលងពីឥទ្ធិពលនៃបច្ចេកវិទ្យាដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនោះទេ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់នូវដំណោះស្រាយជាក់ស្តែងមួយចំនួនចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងរចនាសម័្ពន្ធគ្រប់គ្រង ថវិកា និងធនធានមនុស្ស ដើម្បីញុំាងឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ ពិសេសគណៈកម្មការជំនាញទាំង១៧ អាចដំណើរការដោយរលូន និងបំពេញមុខងាររបស់ខ្លួនបានល្អ តាមរយៈការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តថវិកា ផែនការការងារ និងការរៀបចំកែសម្រួលរចនាសម្ព័ន្ធមួយចំនួនឡើងវិញ ទាំងក្នុងក្របខ័ណ្ឌក្រុមប្រឹក្សា និងលេខាធិការដ្ឋាន ព្រមទាំងការកៀរគរមូលធនបញ្ញាពីខាងក្រៅបន្ថែមទៀត ពិសេសពីក្នុងចំណោមព្រះសង្ឃ។