
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA, ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្ដមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា, តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយសហថាមភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមធានាឱ្យបាននូវសុខសុវត្ថិភាព និងប្រសិទ្ធភាព នៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ឱ្យកាន់តែរីកចម្រើនជាលំដាប់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចបាន ផ្តើមចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ចេញនូវគោលនយោបាយ «បើកចំហជើងមេឃ» កាលពីឆ្នាំ១៩៩៩ និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» និងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តផ្តល់អាទិភាពខ្ពស់លើវិស័យអាកាសចរណ៍ស៊ីវិល និង គោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងបានបញ្ចប់ការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា» នាពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកាន់តែផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបាន ដើម្បីដើរតួជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ហើយស្ថាប័នរដ្ឋនឹងដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ សំដៅជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ប្រកបដោយបរិយាបន្ន និងចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននឹងបន្តឈរជើងនិងវិនិយោគបន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួមគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងក្លាយជា Game Changer មួយ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលនិងការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ដែលនឹងរួមចំណែកបង្កើនសក្ដានុពលជើងហោះហើរឆ្លងទ្វីបរបស់កម្ពុជាថែមមួយកម្រិតទៀត និងទាក់ទាញការវិនិយោគបរទេសបន្ថែម ប្រកបដោយសុវត្ថិភាព គុណភាព និងជំនឿទុកចិត្ត។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន Muhibbah ប្រកាន់ខ្ជាប់នូវស្មារតីនៃការពិភាក្សាបើកចំហ និងការទទួលខុសត្រូវ ដែលកិច្ចសហប្រតិបត្តិការនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបង្កើតសមិទ្ធផលជាច្រើនអនេក និងបន្តទទួលបានជោគជ័យនារយៈពេល៣០ឆ្នាំតទៅមុខទៀត។


















