ដែលមានការរៀបចំឡើងដោយគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងចូលរួមរៀបចំដោយ Economic Society Of Cambodia, KSI Strategic Institute For Asia Pacific , World Green Organization, Asean Economic Club, World Digital Chamber, និង Asean Business Club។
កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ មានគោលបំណងជាយុទ្ធសាស្ត្រក្នុងការបង្កើនល្បឿនកំណែទម្រង់បៃតង នៅកម្រិតជាតិ តំបន់ និងសកល តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងការសហការគ្នារវាងថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ អ្នកវិទ្យាសាស្ត្រ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ ដោយផ្តោតលើការប្រែក្លាយបញ្ហាបរិស្ថានទៅជាឱកាសសេដ្ឋកិច្ច ដោយជំរុញកំណើនបៃតង ពាណិជ្ជកម្មនិរន្តរ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ពោលឆ្ពោះទៅការសម្រេចចក្ខុវិស័យរួម គឺពិភពលោកមួយដែលកាន់តែមានលក្ខណៈបៃតង និងមានភាពភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ជារួម កម្មវិធីនេះពុំមែនគ្រាន់តែជាសន្នីសីទប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយដ៏សំខាន់ក្នុងការពន្លឿនការធ្វើបដិវត្តកម្មបៃតងទាំងកម្រិតថ្នាក់ជាតិ តំបន់ និងសកលផងដែរ ជាពិសេស ក្នុងបរិការណ៍ដែលពិភពលោកបាន និងកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ ការសឹករិចរិលបរិស្ថាន និង ការបាត់បង់ជីវចម្រុះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជាក្នុងការកសាងអនាគតប្រកបដោយចីរភាព ក្រោមម្លប់នៃសន្តិភាពនិងស្ថិរភាពដែលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបានបន្តឥតងាករេក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កំណើនសេដ្ឋកិច្ចបែបប្រពៃណីបានបង្កជាការប៉ះពាល់បរិស្ថាន ដែលកំពុងគំរាមកំហែងស្ថិរភាពសកល ហើយកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតមួយនៅអាស៊ាន ប្រឈមនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការបាត់បង់ជីវៈចម្រុះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើកំណើនបៃតង រួមមានយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) ដើម្បីឈានទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ជាតិបៃតង (២០២១-២០៣៥), យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន(២០២៣-២០២៨) និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០២៤-២០៣៣)។ ជារួម រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច (new engine of growth)។ ទន្ទឹមនេះ កម្ពុជាក៏បានបង្វែរពីការប្តេជ្ញាចិត្ត គោលនយោបាយ និងយុទ្ធសាស្រ្តទៅជា ការអនុវត្តជាក់ស្តែង ដោយសម្រេចបាននូវលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង កម្ពុជាបានបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅខេត្តកោះកុង ដែលបានដាក់បញ្ចូលនូវថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ និងគោលការណ៍ចក្រា (circular principles) និងការបង្កើតនូវព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ ដែលបំពាក់នូវប្រព័ន្ធប្រសិទ្ធភាពថាមពល ស្ថាបត្យកម្មសំណង់ដែលមានលក្ខណៈភាតរៈបរិស្ថាន និងការគ្រប់គ្រងកាកសំណល់បែបទំនើប ព្រមទាំងការជំរុញការវិនិយោគថាមពលកកើតឡើងវិញ ដែលធ្វើឱ្យថាមពលនេះមានចំណែករហូតដល់ ៦២% នៅក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុប ជាដើម។
ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាការអនុវត្តដែលមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់នូវអនុសាសន៍ ៨ចំណុច រួមមាន៖ ១. សម្រួលនីតិវិធីនៃការទទួលបានហិរញ្ញប្បទានអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ, ២.រៀបចំផែនការដែលមានលក្ខណៈបុរេសកម្មដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុ សម្រាប់អន្តរកាលថាមពល និងការកាត់បន្ថយការបំភាយឧស្ម័ន, ៣. កាត់បន្ថយ
អត្រាការប្រាក់ហិរញ្ញប្បទាន, ៤. ជំរុញការផ្ទេរបច្ចេកវិទ្យា, ៥. ជៀសវាង green protectionism, ៦.
វិនិយោគលើការកសាងសមត្ថភាព, ៧. ដឹកនាំដោយគំរូ ដោយប្រទេសបំភាយឧស្ម័នធំៗត្រូវចាត់វិធានការខ្លាំងក្លាជាងមុនដោយមិនដាក់ទោសលើប្រទេសកំពុងអភិវឌ្ឍ, និង ៨. ជំរុញឱ្យមានសាមគ្គីភាព តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរវាងរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នស្រាវជ្រាវដើម្បីចែករំលែកការអនុវត្តល្អបំផុត និងការច្នៃប្រឌិត។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងថា គ្មានប្រទេសណាមួយអាចសម្រេចបាននូវចីរភាពតែឯងនោះទេ។ កំណើនបៃតងមិនមែនជា Zero-Sum Game នោះទេ តែវាគឺជាមាគ៌ាឆ្ពោះទៅរកវិបុលភាពរួម សន្តិភាព និងភាពធន់រយៈពេលវែង។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូទាំងអស់នៅក្នុងអាស៊ាន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសកល ដើម្បីពន្លឿនអន្តរកាលបៃតង។