ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានទទួចដល់ឱពុក ម្ដាយរបស់ជនសង្ស័យបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្សចំនួន៦នាក់ឱ្យនាំកូនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ច។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា សមត្ថកិច្ចបានដាក់ឈ្មោះជនសង្ស័យមិនឱ្យធ្វើដំណើរចេញក្រៅប្រទេសបាននោះឡើយ ហើយនឹងឈានដល់ការដាក់ទណ្ឌកម្មផ្សេងទៀត ប្រសិនបើមិនចូលខ្លួនមកទទួលខុសត្រូវ។
ជាមួយគ្នានេះលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែមីនា សមត្ថកិច្ចពុំទាន់ទទួលបានដំណឹងពីការស្ម័គ្រចិត្តចូលឆ្លើយបំភ្លឺពីអ្នកបើករថយន្តបុកពលរដ្ឋស្លាប់៦នាក់នៅចំពោះសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយទេ។ តែយ៉ាងណា អ្នកនាំពាក្យរងរូបនេះ អះអាងថា ឱពុករបស់អ្នកបើករថយន្តបង្កបានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជាក់ពីសាវតាររបស់ជនបង្ក និងដំណើរអង្គហេតុផ្សេងៗ។ បើតាមលោក ទូច សុឃៈ សមត្ថកិច្ចបានបំពេញនីតិវិធីតាមជំនាញរួចរាល់ហើយ និងរង់ចាំតែការចូលខ្លួនរបស់ជនបង្កប៉ុណ្ណោះ ដើម្បីស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត។
( សំឡេងលោក ទូច សុឃៈ )
ជុំវិញបញ្ហានេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដឋមន្រ្តីកម្ពុជាបានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នក ដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី២៧ ខែមីនា នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ដោយរថយន្តបានបុករះលើម៉ូតូ២គ្រឿង និងបណ្ដាលឱ្យមានអ្នកស្លាប់៦នាក់ រួមទាំងកូនក្នុងផ្ទៃ និងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។ ចំពោះអត្តសញ្ញាណម្ចាស់រថយន្តបង្កមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលគេស្គាល់ថា ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ៕