
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំគោលនយោបាយឱ្យបានល្អវារឿងសំខាន់មួយហើយ តែអ្វីដែលរឹតតែសំខាន់ជាងនេះទៀតនោះ គឺការអនុវត្តគោលនយោបាយនោះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
នាវេទិកាគោលនយោបាយថ្នាក់ជាតិឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ស្របពេលពិភពលោកកំពុងប្រឈមនឹងបរិការណ៍ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់ឆ្លងកាត់ពីមុន កម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ ដែលទាមទារនូវការគិតគូររៀបចំតាក់តែងគោលនយោបាយ និងយុទ្ធសាស្រ្តនានាប្រកបដោយភាពបន្សាំ និងការប្រមើលទៅមុខ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ហើយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈជាស្រេច ដើម្បីទប់ទល់នឹងការផ្លាស់ប្ដូរទាំងនោះ។ សម្រាប់ ឯកឧត្តម វង្សី វិស្សុត ក្រៅពីរៀបចំគោលនយោបាយឱ្យបានល្អហើយនោះ ការគិតគូរធ្វើយ៉ាងណាអនុវត្តគោលនយោបាយនោះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព គឺជារឿងសំខាន់ និងចាំបាច់បំផុត។
ជាមួយគ្នានេះលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា អូស្ត្រាលីគឺជាអ្នកគាំទ្រដ៏យូរអង្វែងចំពោះវិស័យស្រាវជ្រាវ ដែលជាវិស័យមួយដ៏មានតម្លៃរបស់កម្ពុជា តួយ៉ាងតាមរយៈវេទិកាគោលនយោបាយថ្នាក់ជាតិនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងអ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ និងសង្គមស៊ីវិល ហើយក៏ជាឱកាសមួយដើម្បីពិភាក្សាជាលក្ខណៈយុទ្ធសាស្ត្រអំពីតម្រូវការ និងការផ្គត់ផ្គង់ទិន្នន័យ ដែលអាចជឿទុកចិត្តបាន។
គួរជម្រាបថា វេទិកាគោលនយោបាយថ្នាក់ជាតិនេះ គឺជាគំនិតផ្តួចផ្តើមមួយរបស់កម្មវិធីពន្លកចំណេះ ដំណាក់កាលទី២៖ ទិន្នន័យនិងការពិភាក្សា ដើម្បីការអភិវឌ្ឍនៅកម្ពុជា ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយអង្គការមូលនិធិអាស៊ី។ វេទិកាគោលនយោបាយថ្នាក់ជាតិឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«ការតាក់តែងគោលនយោបាយប្រកបដោយបរិយាបន្ននៅក្នុងបរិបទប្រែប្រួល៖ ការផ្សាភ្ជាប់ចំណេះដឹង គោលនយោបាយ និងមនុស្សជាតិ» ដែលជាប្រធានបទមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជានៅក្នុងបរិការណ៍បច្ចុប្បន្ន និងទៅអនាគត៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា