
ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing របស់អាម៉េរិក បានអះអាងថា ក្រុមហ៊ុនខ្លួនបានចែកចាយយន្តហោះបានចំនួន៦០គ្រឿង នៅក្នុងខែមិថុនា កន្លងទៅ មានការកើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះយន្តហោះ៥គ្រឿង លក់ឱ្យចិន ដែលជាការចែកចាយជាលើកដំបូងចាប់តាំងពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន បានបិទបញ្ចប់។
ទីក្រុងប៉េកាំង បានហាមឃាត់ការទិញយន្តហោះ Boeing កាលពីខែមេសា ដោយសារជម្លោះពន្ធកើនឡើងរវាងមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរនេះ ប៉ុន្តែនៅក្នុងខែឧសភា ទីក្រុងប៉េកាំង បានលុបចោលបម្រាមនេះវិញ ដោយសារប្រទេសទាំងពីរបានយល់ព្រមកាត់បន្ថយពន្ធគយគ្នាជាបណ្តោះអាសន្ន។
នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុន Boeing ចែកចាយយន្តដល់អតិថិជនបានចំនួន២៨០គ្រឿង និងទទួលបានការបញ្ជាទិញចំនួន៦២៥គ្រឿង ក្នុងនោះចំនួន១១៦គ្រឿងត្រូវបានគេកក់ទុកមុន ខណៈក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានបញ្ជាទិញចំនួន១២គ្រឿង ហើយក្រុមហ៊ុន British Airways បានបញ្ជាទិញចំនួន៣២គ្រឿង។
ទន្ទឹមនឹងការចែកចាយយន្តហោះរបស់ក្រុមហ៊ុន ប៊ូអ៊ីង មានការកើនឡើង ការចែកចាយយន្តហោះរបស់ក្រុមហ៊ុន អ៊ែរបឺស របស់អឺរ៉ុប បែរជាមានការធ្លាក់ចុះទៅវិញ។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៥ ក្រុមហ៊ុននេះចែកចាយយន្តហោះបានចំនួន៣០៦គ្រឿង មានការធ្លាក់ចុះ៥,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលចែកចាយបានចំនួន៣២៣គ្រឿង៕ដោយ៖ សុខ មង្គល