វិបត្តិសកល និងភូមិសាស្ត្រនយោបាយ

តើវិបត្តិសកល និងភូមិសាស្ត្រនយោបាយកំពុងអង្រួនទីផ្សារលំនៅឋានកម្ពុជាយ៉ាងណាដែរ?


ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល និងការប្រែប្រួល នៃភូមិសាស្ត្រនយោបាយ កំពុងក្លាយជាខ្យល់ព្យុះបោកបក់ដល់គម្រោងអភិវឌ្ឍន៍នានាជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ជាក់ស្ដែង វិស័យលំនៅឋាន និងសំណង់នៅកម្ពុជាកំពុងរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីការធ្លាក់ចុះ នៃលំហូរសាច់ប្រាក់ និងតម្រូវការទីផ្សារ។ តើអ្នកអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការអ្វីខ្លះ ដើម្បីស្រោចស្រង់ និងស្ដារទំនុកចិត្តក្នុងវិស័យដ៏សំខាន់មួយនេះឡើងវិញ?
វិបត្តិសកល និងភូមិសាស្ត្រនយោបាយ
ដោយ

នាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាលពីពេលថ្មីៗនេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្រ្តនយោបាយក្នុងតំបន់ ព្រមទាំងភាពតឹងរ៉ឹងក្នុងការបញ្ចេញសាច់ប្រាក់របស់ធនាគារបានធ្វើឱ្យមានសម្ពាធដល់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។ ការណ៍នេះបានធ្វើឱ្យសកម្មភាពទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះខ្លាំង ខណៈក្រុមហ៊ុនជាសមាជិកជាច្រើនបានជួបប្រទះបញ្ហាធ្ងន់ធ្ងរ រួមមានការបង់ប្រាក់យឺតយ៉ាវរបស់អតិថិជន ការទាមទារឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទិញផ្ទះត្រលប់មកវិញ ការរឹតបន្តឹងហិរញ្ញប្បទានសំណង់ និងការរឹតបន្តឹងការអនុវត្តច្បាប់សំណង់ជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា លោកអ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ សមាគមអ្នកអភិវឌ្ឍន៍សំនៅឋានកម្ពុជានឹងកសាងទំនុកចិត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះ នៃវិស័យលំនៅឋាន និងបុរីសម្រាប់រយៈពេលវែង តាមរយៈការពង្រឹងស្ថិរភាពទីផ្សារលំនៅឋាន ការពង្រឹងអភិបាលកិច្ចវិជ្ជាជីវៈ និងការកែលម្អលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានជាដើម។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា បញ្ហាជាសកលបានធ្វើឱ្យប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាចំនួន១៨៤គម្រោង តែបានដោះស្រាយរួចរាល់ចំនួន១៤៦គម្រោង។ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជានេះ ថ្នាក់ដឹកនាំរូបនេះ ជំរុញឱ្យអ្នកអភិវឌ្ឍន៍នានាពិចារណាក្នុងការសាងសង់លំនៅឋានមានតម្លៃសមរម្យ ដែលស័ក្ដិសមនឹងតម្រូវការក្នុងពេលបច្ចុប្បន្ន។

បន្ថែមពីលើនេះ ក្រសួងដែនដី ក៏កំពុងជំរុញពិពិធកម្មឌីជីថលតាមរយៈការផ្ដល់សេវារហ័សក្នុងការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងបង្កើនសន្ទុះជួញដូរ។ ជាមួយគ្នានេះ ក្រសួង ក៏កំពុងចរចាជាមួយគ្រឹះស្ថានធនាគារ ដើម្បីស្វែងរកកញ្ចប់ឥណទានដែលមានអត្រាការប្រាក់ទាប សំដៅជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានបំណងចង់បានផ្ទះស្នាក់នៅពិតប្រាកដផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វុន្ថា




អត្ថបទបន្ទាប់


លោក ត្រាំ បានហៅមេដឹកនាំអ៊ីរ៉ង់ថ្មីថា ជាមេដឹកនាំគីឡូស្រាល និងព្រមានពីហានិភ័យនៃសង្គ្រាម

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើរសារឌឺដង និងដាក់ការសង្ស័យលើសមត្ថភាពរបស់លោក ម៉ូតាបា ខាមេនី (Mojtaba Khamenei) ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ