
បច្ចុប្បន្នកម្ពុជាដែលកំពុងមានវិវាទជាមួយប្រទេសថៃលើបញ្ហាខ្សែបន្ទាត់ព្រំដែន កំពុងរៀបចំឯកសារ ដើម្បីយកបញ្ហានៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈប្រទេសថៃបានជំនាស់នឹងយន្តការនេះ។ ប្រសិនបើថៃមិនចូលរួម និងមិនទទួលស្គាល់ការសម្រេចរបស់ ICJ តើតុលាការនេះកាត់ក្តី និងដាក់សម្ពាធលើប្រទេសថៃដោយរបៀបណា?
Story: លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មីយល់ឃើញថា តុលាការយុត្តិធម៌អន្តរជាតិ គឺជាសេនាធិការចំណុះឱ្យអង្កការសហប្រជាជាតិ ដែលមានតួនាទីកាត់ក្តី និងដោះស្រាយវិវាទរបស់ប្រទេស និងរដ្ឋជាសមាជិក។ លោកបានបន្តថា ទោះភាគីថៃចូលរួម ឬមិនចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ គឺស្ថិតក្នុងយុត្តាធិការ និងឆន្ទានុសិទ្ធិរបស់ក្រុមអង្គចៅក្រម ដែលបើកសវនាការលើពាក្យបណ្តឹងរបស់កម្ពុជា។ បើតាមលោក មាជ សុវណ្ណរ៉ា នីតិវិធីដោះស្រាយបញ្ហារបស់តុលាការយុត្តិធម៌អន្តរជាតិអាចប្រើពេលយ៉ាងតិចក៏១ឆ្នាំ ព្រោះតុលាការនេះត្រូវការពេល ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតលើភាគីពាក់ព័ន្ធទាំងសងខាង។ យ៉ាងណាមិញ តុលាការយុត្តិធម៌អន្តរជាតិមានយុត្តាធិការគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហារវាងប្រទេសមួយនិងប្រទេសមួយដោយឈរលើភាពត្រឹមត្រូវដោយផ្អែកលើភស្តុតាង និងច្បាប់ជាធរមាន។
ជុំវិញបញ្ហានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា តុលាការយុត្តិធម៌អន្តរជាតិនៅតែអាចរៀបចំនីតិវិធីបាន បើទោះបីមិនមានការចូលរួមពីភាគីម្ខាងទៀតក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ ការមិនចូលរួមរបស់ភាគីម្ខាងក្នុងនីតិវិធីរបស់តុលាការ គឺបានបង្ហាញឱ្យសហគមន៍អន្តរជាតិមើលឃើញពីភាពស្របច្បាប់របស់ភាគីម្ខាងទៀតដែលបានដាក់ពាក្យប្ដឹង។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា ក្នុងករណីប្រទេសថៃ មិនគោរពតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ នោះស្មើនឹងការមិនទទួលយកយុត្តាធិការ ឬមិនគោរពធម្មនុញ្ញរបស់អង្កការសហប្រជាជាតិ។ បើតាមអ្នកជំនាញរូបនេះ ការសម្រេចណាមួយរបស់ ICJ គឺត្រូវតែទទួលយក ហើយក្នុងករណីភាគីណាមួយមិនទទួលយកនោះនឹងត្រូវរងសម្ពាធនយោបាយពីអន្តរជាតិជាក់ជាមិនខាន។
គួរបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ គឺជាតុលាការមួយដែលចំណុះឱ្យអង្កការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងដោយធម្មនុញ្ញរបស់អង្កការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៤៥ និងមានតួនាទីជាស្ថាប័នតុលាការកាត់ក្ដី និងដោះស្រាយបញ្ហា និងវិវាទផ្សេងៗរបស់ប្រទេស និងរដ្ឋជាសមាជិក។
រាជរដ្ឋាភិបាលកម្ពុជាបានរក្សាគោលជំហរក្នុងការលើកយកបញ្ហាវិវាទខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ )។ ជាក់ស្ដែងនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការរៀបចំឯកសារករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ