
ប្រសិនបើពលរដ្ឋកម្ពុជាធ្វើពហិការមិនគាំទ្រផលិតផលកូកា-កូឡា តើវាអាចជះផលប៉ះពាល់យ៉ាងណាខ្លះដល់ប្រយោជន៍សេដ្ឋកិច្ចជាតិ? ហើយប្រជាពលរដ្ឋគួរមានការថ្លឹងថ្លែងបែបណាខ្លះ មុននឹងធ្វើពហិការឈប់ប្រើប្រាស់ផលិតផលណាមួយ ដើម្បីកុំឱ្យចាញ់កលល្បិចរបស់សត្រូវថៃ?
ក្រោយពលរដ្ឋកម្ពុជាមួយចំនួនបានបង្ហាញទំនោរចង់ធ្វើពហិការឈប់គាំទ្រផលិតផលកូកា-កូឡា បន្ទាប់ពីក្រុមហ៊ុននេះបានផ្តាច់កុងត្រាជាមួយតារ៉ាចម្រៀងតំណាងផលិតផលខ្លួន គឺលោក វណ្ណដា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងពិចារណាជាមុនសិនថា ក្រុមហ៊ុនកូកា-កូឡា ផ្តាច់កុងត្រាគឺដោយសារតែបញ្ហាលោក វណ្ណដា ស្រឡាញ់ជាតិ ឬយ៉ាងណា។ បើតាមសម្តេចតេជោ ទោះបីជាកូកា-កូឡាជាផលិតផលរបស់អាម៉េរិក តែវាក៏ជាផលិតផលរបស់កម្ពុជាដែរ ព្រោះវាផលិតនៅកម្ពុជា ហើយកម្មករកម្ពុជាជាអ្នកធ្វើការ និងទទួលផល ហើយការបង់ពន្ធក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចមិនជំទាស់ទេប្រសិនបើពលរដ្ឋចង់ឈប់គាំទ្រកូកា-កូឡា ដែលផលិតនៅថៃ ប៉ុន្តែបើធ្វើពហិការឈប់គាំទ្រកូកា-កូឡា ដែលផលិតនៅកម្ពុជា ហើយជំរុញឱ្យក្រុមហ៊ុនឈានទៅដល់ការដកខ្លួនចេញពីកម្ពុជា នោះអ្នកខាតបង់ គឺកម្ពុជាខ្លួនឯង ហើយសត្រូវគឺជាអ្នកទទួលផល ដ្បិតថៃចង់វាយសេដ្ឋកិច្ចកម្ពុជាតាំងពីដំបូងមកម្ល៉េះ។ សម្តេចតេជោបានបន្ថែមថា ក្រៅពីបញ្ហាសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត ដែលថៃចង់រុញកម្ពុជាឱ្យធ្វើជាសត្រូវជាមួយអាម៉េរិកតាមរយៈបញ្ហានេះ ទាំងទៅលើការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយអាម៉េរិក។
ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា មុនសម្រេចចិត្តធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ ប្រជាពលរដ្ឋកម្ពុជាគួរស្វែងយល់ឱ្យច្បាស់ជាមុនសិនថា ផលិតផលនោះពិតជារបស់ថៃប្រាកដមែនឬយ៉ាងណា តួយ៉ាងក្នុងករណីពលរដ្ឋធ្វើពហិការឈប់គាំទ្រផលិតផលកូកា-កូឡានាពេលថ្មីៗនេះ គឺមិនមែនជាផលិតផលរបស់ថៃនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ កាលណាពលរដ្ឋធ្វើពហិការឈប់ប្រើប្រាស់ផលិតផលនានា ដែលមិនច្បាស់ថា ជារបស់ថៃ តាមកលល្បិចឬយុទ្ធសាស្រ្តចង់បានរបស់ភាគីថៃ នោះវាអាចជំរុញឱ្យកម្ពុជាប្រឈមនឹងការកើនឡើងតម្លៃទំនិញ ហើយនឹងអាចបំផ្លាញដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា រាជរដ្ឋាភិបាលគួរបង្ហាញដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ អំពីផលិតផលដែលជារបស់ថៃ និងមិនមែនរបស់ថៃ ដើម្បីចៀសវាងប្រជាពលរដ្ឋមានការយល់ច្រឡំ។
ដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការធ្វើពហិការឈប់គាំទ្រផលិតកូកា-កូឡានេះ គឺដោយសារពលរដ្ឋកម្ពុជាយល់ថាមានពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដ្បិតថា ទោះបីជាកូកា-កូឡាគឺជាក្រុមហ៊ុនអន្តរជាតិរបស់សហរដ្ឋអាម៉េរិកក៏ពិតមែន ប៉ុន្តែអ្នកគ្រប់គ្រងក្រុមហ៊ុនកូកា-កូឡាក្នុងតំបន់ និងនៅកម្ពុជា គឺមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនកូកា-កូឡាថៃ។ បើតាមលោកបណ្ឌិត ជ័យ តិច ទោះបីជាក្រុមហ៊ុនកូកា-កូឡាបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមកក៏ពិតមែន ប៉ុន្តែប្រសិនបើការផ្តាច់កុងត្រារបស់ក្រុមហ៊ុនជាមួយតារ៉ាចម្រៀងតំណាងផលិតផលខ្លួន គឺពិតជាដោយសារតែទទួលរងឥទ្ធិពលនៃបញ្ហាជម្លោះកម្ពុជា-ថៃមែននោះ លោកយល់ថា ការធ្វើពហិការឈប់គាំទ្រផលិតផលក្រុមហ៊ុនកូកា-កូឡារបស់ប្រជាជនកម្ពុជា គឺជារឿងត្រឹមត្រូវ ហើយពលរដ្ឋអាចងាកទៅគាំទ្រផលិតផលរបស់ក្រុមហ៊ុនក្នុងស្រុកវិញ ដែលនឹងជួយជំរុញដល់កំណើនផលិតកម្ម និងកម្លាំងពលកម្មផងដែរ។
ជុំវិញបញ្ហានេះដែរលោក ង៉ែត ជូរ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា ការនាំគ្នាធ្វើពហិការឈប់គាំទ្រផលិតផលកូកា-កូឡារបស់ប្រជាជនខ្មែរ គឺអាចធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍ជាច្រើន។ តួយ៉ាងប្រយោជន៍សេដ្ឋកិច្ច កម្ពុជានឹងបាត់បង់ការងាររាប់ពាន់កន្លែង និងចំណូលរាប់លានដុល្លារ ហើយកម្ពុជាក៏អាចបាត់បង់ប្រយោជន៍ការទូតដែរ ដ្បិតក្រុមហ៊ុនកូកា-កូឡាជាក្រុមហ៊ុនរបស់អាម៉េរិក ខណៈកម្ពុជាកំពុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលអាមេរិកចំពោះជម្លោះកម្ពុជា-ថៃ។ ម្យ៉ាងវិញទៀត តាមរយៈបញ្ហានេះនឹងធ្វើឱ្យអ្នកវិនិយោគបរទេសដទៃទៀត លើកលែងក្រុមហ៊ុនថៃ ព្រួយបារម្ភពីហានិភ័យដែលអ្នកប្រើប្រាស់អាចដាក់សម្ពាធលើក្រុមហ៊ុនរបស់ពួកគេ ដូចជាការពហិការមិនប្រើប្រាស់ផលិតផលក្រោមរូបភាពមិនសមហេតុផលផ្សេងៗ។
គួរជម្រាបថា ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ប៊ែវើរីជីស ខូអិលធីឌី បានផ្តល់ការងារដល់បុគ្គលិកជាង៨០០នាក់ដោយផ្ទាល់ ហើយក្នុងនោះប្រមាណជាង៩៩% គឺបុគ្គលិកជាជនជាតិខ្មែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ