បម្រាមលក់អាវុធ

តើការដកបម្រាមលក់អាវុធ និងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញរបស់អាម៉េរិកអាចជួយជំរុញការអភិវឌ្ឍន៍វិស័យយោធារបស់កម្ពុជា យ៉ាងណាដែរ?


សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានយល់ព្រមលុបចោលការហាមឃាត់ការលក់អាវុធឱ្យប្រទេសកម្ពុជា និងការចាប់ផ្ដើមធ្វើសមយុទ្ធឆ្មាំអង្គរជាមួយគ្នាឡើងវិញ ក៏ដូចជាបង្កើនកូតានិស្សិតកម្ពុជា ទៅសិក្សាផ្នែកយោធានៅសាលាល្បីៗរបស់អាម៉េរិកផងដែរ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនការចំណាយដល់ជាង១០ពាន់លានដុល្លារនៅឆ្នាំ២០២៦ ដោយផ្តល់អាទិភាពលើការពង្រឹងវិស័យការពារជាតិ។
បម្រាមលក់អាវុធ
ដោយ

អ្នកជំនាញចាត់ទុកការលុបបម្រាមលក់សព្វាវុធ និងការចាប់ផ្តើមធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញមិនត្រឹមតែជួយស្តារទំនាក់ទំនងរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិកឡើងវិញនោះទេ តែវាជាផ្នែកមួយក្នុងការជួយជំរុញការអភិវឌ្ឍន៍វិស័យការពារ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនពីការឈ្លានពានរបស់សត្រូវនាពេលខាងមុខផងដែរ។

​លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានចាត់​ទុកការលុបចោលការហាមឃាត់ការលក់អាវុធមកឱ្យប្រទេសកម្ពុជា និងបើកធ្វើសមយុទ្ធយោធារវាងកម្ពុជា និងអាម៉េរិកឡើងវិញ វាជារឿងមួយដ៏ល្អសម្រាប់កម្ពុជា ហើយវាក៏ជាផ្នែកមួយក្នុងការជួយស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ប្រទេសនីមួយៗត្រូវតែមានកម្លាំងការពារជាតិខ្លាំង ដូច្នេះការពង្រឹងវិស័យការពារជាតិ ឱ្យបានខ្លាំងជារឿងចាំបាច់មួយសម្រាប់កម្ពុជា ដើម្បីជៀសវាងការឈ្លានពានពីសត្រូវនានានៅថ្ងៃអនាគត។

ស្រដៀងគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកការលុបចោលការហាមឃាត់ការលក់អាវុធឱ្យកម្ពុជា និងការធ្វើសមយុទ្ធយោធារវាងកម្ពុជា និងអាម៉េរិកឡើងវិញ ក្រោយផ្អាកជាង៨ឆ្នាំមកនេះ គឺជាដំណឹងដ៏ល្អសម្រាប់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ក្នុងបរិបទនេះ វិស័យយោធា និងសេដ្ឋកិច្ចជាកត្តាចម្បង ដែលកម្ពុជាត្រូវតែពង្រឹង ក៏ដូចជាកំណែទម្រង់ទៅលើអង្គភាពមួយចំនួនដែលមិនចាំបាច់ ដោយផ្ដោតទៅលើកងទ័ពដែនអាកាស និងបច្ចេកវិទ្យាឱ្យបានខ្ពស់។ អ្នកជំនាញរូបនេះជឿជាក់ថា មហិច្ឆតាឈ្លានពានរបស់ថៃមិនងាយសាបរលាបនោះទេ ដូច្នេះ កម្ពុជាចាំបាច់ត្រូវតែបញ្ជាទិញអាវុធទំនើប និងកសាងសមត្ថភាពកម្លាំងការពារជាតិឱ្យបានខ្លាំង ដើម្បីទុកការពារដែនអធិបតេយ្យភាពពីការរំលោភបំពាន។

ដោយឡែកលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយបានលើកឡើងថា ការស្ដារឡើងវិញនូវសន្តិសុខយោធា និងបន្តឱ្យយោធិនកម្ពុជាអាចទៅសិក្សានៅសហរដ្ឋអាម៉េរិក ក៏ដូចជាកសាងកិច្ចសហប្រតិបត្តិការឡើងវិញនេះ ជាលទ្ធផលមួយដែលកើតចេញពីកម្ពុជាយល់ព្រមទទួលយកកិច្ចសម្របសម្រួលពីលោក ដូណាល់ ត្រាំ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាគួរតែបង្កើនការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធបន្ថែមទៀត ដើម្បីអាចរក្សាទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចអាម៉េរិកឱ្យបានយូរអង្វែង។

គួរបញ្ជាក់ថា កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក បានខកខានធ្វើសមយុទ្ធយោធារួមគ្នាអស់រយៈពេលជាង៨ឆ្នាំមកហើយ ក្រោយកម្ពុជា បានសុំផ្អាកកាធ្វើសមយុទ្ធនេះកាលពីអំឡុងឆ្នាំ២០១៧កន្លងមក តែយ៉ាងណា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសទាំងពីរបានសម្រេចចាប់ផ្តើមធ្វើសមយុទ្ធឆ្មាំអង្គរ ឬ ANGKOR SENTINEL ឡើងវិញ។ ជាមួយគ្នានេះ សហរដ្ឋអាម៉េរិក និងកម្ពុជា បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត សហគ្រាសឧក្រិដ្ឋកម្ម ដែលបានលួចប្រាក់ជាង១០ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីជនជាតិអាម៉េរិកទៀតផងដែរ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អាម៉េរិក និងថៃចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមានទំហំរហូតជាង២០ពាន់លានដុល្លារ

សេតវិមានបានទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិក និងប្រទេសថៃ បានប្រកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មទៅវិញទៅមកមានទំហំរហូតដល់ទៅជាង២០ពាន់ល…

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភសិក្ខាសាលាប្រចាំឆ្នាំ ២០២៥ នៃគ្រឹះស្ថានឥណទានជនបទ ដើម្បីគាំទ្រដល់ភាពធន់ និងនិរន្តរភាពរបស់វិស័យ

ធនាគារ ខេប៊ីប្រាសាក់ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ បានចូលរួមឧបត្ថម្ភ សិក្ខាសាលាប្រចាំឆ្នាំ ២០២៥ របស់គ្រឹះស្ថានឥណទានជនបទ ដោយផ្តោតពី ការគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ