
លោក បូ រី កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ បានលើកឡើងថា តម្លៃស្រូវបច្ចុប្បន្ននេះ បានធ្លាក់ថ្លៃមកនៅត្រឹម៨៧០រៀលទៅ៨៨០រៀលក្នុងមួយគីឡូក្រាម ដោយកាលពីប៉ុន្មានថ្ងៃមុនអាចលក់បានក្នុងតម្លៃ៩៨០រៀលក្នុងមួយគីឡូក្រាមឯណោះ។ បើតាមការអះអាងរបស់កសិកររូបនេះ នៅតំបន់របស់លោកកំពុងជួបបញ្ហាទឹកជន់លិចផលដំណាំស្រូវជាបណ្ដើរៗហើយ ដោយកសិករខ្លះបានប្រមូលផល និងខ្លះទៀតមិនទាន់បានប្រមូលផលនោះទេ។ ជាមួយគ្នានេះ ស្រូវនៅតំបន់របស់លោកភាគច្រើនមានឈ្មួញកណ្ដាលចុះមកប្រមូលទិញយកទៅលក់បន្តឱ្យឈ្មួញធំនៅវៀតណាម ដោយមិនទាន់មានរោងម៉ាស៊ីនស្រូវធំៗចុះមកជួយប្រមូលទិញនោះទេ។
មិនខុសគ្នានោះទេ លោក សុង ស៊ីថា កសិករធ្វើស្រែនៅខេត្តតាកែវម្នាក់ដែរនោះបានលើកឡើងថា ស្រូវនៅតំបន់របស់លោកបច្ចុប្បន្នអាចលក់បានក្នុងរង្វង់៩០០រៀលក្នុងមួយគីឡូក្រាម ដោយកាលពីប៉ុន្មានថ្ងៃមុនអាចលក់បានក្នុងរង្វង់៩៥០រៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ តម្លៃស្រូវបច្ចុប្បន្នអាចផ្ដល់ប្រាក់ចំណេញតិចតួចប៉ុណ្ណោះដល់លោក និងកសិករឯទៀត។ យ៉ាងណាមិញ លោក បានសំណូមពរដល់អតិថិជនជួយគាំទ្រប្រភេទស្រូវអូអឹម ព្រោះកសិករនៅតំបន់របស់លោកអាចផលិតបានតែពូជស្រូវប្រភេទនេះ ដោយសារកត្តាភូមិសាស្ត្រ។
ដោយឡែក លោក នាង ស៊ីថាម ឈ្មួញកណ្ដាលដែលជាអ្នកប្រមូលទិញស្រូវពីកសិករនៅខេត្តតាកែវ បានលើកឡើងថា បច្ចុប្បន្នលោកប្រមូលទិញស្រូវពីកសិករក្នុងតម្លៃជាង៩០០រៀលក្នុង១គីឡូក្រាម ដោយកាលពីប៉ុន្មានថ្ងៃមុន លោក ទិញក្នុងតម្លៃរង្វង់១,០០០រៀលក្នុង១គីឡូក្រាមឯណោះ។ បើតាមឈ្មួញកណ្ដាលរូបនេះ តម្លៃស្រូវមានការធ្លាក់ចុះបន្តិចនេះ ដោយសារវៀតណាម ដែលជាប្រមូលទិញដ៏កំពុងជួបបញ្ហាទីផ្សារស្រូវអង្ករ ក្រោយឥណ្ឌា បើកការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកឡើងវិញ។
គួរបញ្ជាក់ថា ក្រោយតម្លៃស្រូវ OM មានការធ្លាក់ចុះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញផែនការមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហានេះ ក៏ដូចជាជួយលើកកម្ពស់ទីផ្សារស្រូវអង្ករនៅកម្ពុជា។ យន្តការមួយក្នុងចំណោមយន្តការជាច្រើន ក្រសួងកសិកម្មបានសហការជាមួយរោងម៉ាស៊ីនដែលទទួលបានហិរញ្ញប្បទានពីរដ្ឋជួយប្រមូលទិញស្រូវពីកសិករឲ្យចំគោលដៅដែលកំពុងខ្វះទីផ្សារ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា