
លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានគូសបញ្ជាក់ថា បើទោះបីជាវិស័យធានារ៉ាប់រងនៅកម្ពុជា មានភាពក្មេងខ្ចីនៅឡើយ បើធៀបនឹងបណ្តាប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែវិស័យធានារ៉ាប់រងនៅកម្ពុជា ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយចាក់បញ្ចូលទុនទៅក្នុងសេដ្ឋកិច្ចជាតិ តួយ៉ាងបច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងចំនួនប្រមាណ៣៥នៅកម្ពុជា បានចាក់ទុនសរុបប្រមាណ៣៥០លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ នៅលើពិភពលោកគេបានចាត់ទុកវិស័យធានារ៉ាប់រង ជាប្រភពទុនវិនិយោគមួយដ៏សំខាន់ ពិសេសការធានារ៉ាប់រងលើអាយុជីវិតតែម្តង ដ្បិតថា ទឹកប្រាក់ដែលទទួលបានពីអតិថិជនប្រៀបបានជាប្រាក់សន្សំមួយរបស់ពួកគេ ដែលក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចយកទុនទាំងនោះ ទៅវិនិយោគលើវិស័យផ្សេងៗ ដើម្បីបង្កើនផលចំណេញ។
គួរជម្រាបថា វិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុនក្នុងវិស័យផ្សេងៗ ពោលគឺប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុន ដែលទិញសេវាធានារ៉ាប់រង នឹងទទួលបានសំណងលើការខូចខាតពីក្រុមហ៊ុនធានារ៉ាប់រងក្រោយការវាយតម្លៃពីស្ថានការណ៍ភ្លាមៗ នៅពេលពួកគេបានជួបហានិភ័យអ្វីមួយដោយចៃដន្យ។ វិស័យធានារ៉ាប់រងនៅកម្ពុជា រួមមានការធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច៕