ជម្លោះព្រំដែនកម្ពុជា-ថៃ

តើចិន មានឥទ្ធិពលខ្ពស់កម្រិតណាក្នុងការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ?


ក្រោយនាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែងរបស់ថៃ ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលផ្តួចផ្តើមឡើងដោយមេដឹកនាំអាម៉េរិក និងម៉ាឡេស៊ី ហើយទាហានថៃ បានបាញ់ពលរដ្ឋស៊ីវិលកម្ពុជា ឱ្យស្លាប់ និងរបួសនៅភូមិព្រៃចាន់ ខេត្តបន្ទាយជ័យ ចិន ដែលគេទទួលស្គាល់ថា ជាប្រទេសមានឥទ្ធិពលនៅអាស៊ី បានចាប់ផ្តើមចូលមកជួយសម្របសម្រួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងឡើងកម្តៅជាថ្មី។
ជម្លោះព្រំដែនកម្ពុជា-ថៃ
ដោយ

ជាក់ស្តែង​តាមរយៈអ្នកនាំពាក្យកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្នើឱ្យភាគីទាំងពីររក្សាភាពអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី។ ប្រសិនបើចិន ចូលលូកដៃក្នុងការដោះស្រាយតើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចមានភាគរយក្នុងបញ្ចប់កម្រិតណាដែរ?

លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ជឿជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា ជាមួយថៃ មិនអាចដោះស្រាយទៅបានដោយមិនមានវត្តមានរបស់ចិន នោះទេ ពោលគឺចិន បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យភាគីថៃ ចូលតុចរចា និងត្រូវប្រកាន់ខ្ជាប់នូវអ្វី ដែលបានឯកភាពគ្នាជាមួយកម្ពុជា។ អ្នកជំនាញរូបនេះ បានវាយតម្លៃថា កាលណាមានទាំងអាម៉េរិកទាំងចិនចូលរួមជួយអន្តរាគមន៍ដោះស្រាយវិវាទនៅតាមព្រំដែនកម្ពុជា ជាមួយថៃ នោះជម្លោះនានា មិនថា តែជម្លោះព្រំដែនកម្ពុជា-ថៃ នោះទេ សូម្បីតែជម្លោះភូមិសាស្រ្តនយោបាយក្នុងសហគមន៍អាស៊ាន ក៏រលត់កម្ដៅដែរ។ ជាក់ស្ដែងការចេញសាររបស់ចិន នាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីចេតនារបស់ចិន ដែលចង់ឱ្យកម្ពុជា និងថៃ ដោះស្រាយវិវាទតាមព្រំដែនទៅតាមយន្តការដែលមានស្រាប់ ក្នុងន័យបញ្ចៀសសង្គ្រាម និងឈានទៅរកសន្តិភាពមួយយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ កត់សម្គាល់ឃើញថា ប្រទេសថៃ ហាក់បានបែងចែកវិធីសាស្ត្ររវាងរដ្ឋាភិបាល យោធា និងរាជវាំង ទៅតាមបំណែករៀងៗខ្លួន ដើម្បីទាញយកផលប្រយោជន៍ តាមរយៈផ្លាស់ប្ដូរគោលជំហរម្ដងទៅខាងអាម៉េរិក និងម្ដងទៅខាងប្រទេសចិន និងសម្ដែងជាតួរអង្គល្អ និងតួអង្គមិនល្អផងដែរ។ អ្នកជំនាញរូបនេះសង្កេតឃើញថា ការបង្ហាញចេតនាចូលជួយអន្តរាគមន៍ក្នុងជម្លោះព្រំដែនកម្ពុជា ថៃ របស់ចិននេះ លុះត្រាតែចិន ទៅចរចាជាមួយស្ដេចថៃ ដោយមិនត្រូវនិយាយជាមួយរដ្ឋាភិបាលនោះទេ ព្រោះថា ស្ដេចថៃ មានអំណាច និងឥទ្ធិពលគ្រប់ដណ្ដប់អំណាចទាំងអស់ក្នុងប្រទេសថៃ។ តែយ៉ាងណាលោកបណ្ឌិតយល់ថា ចិន មិនមានឥទ្ធិពលខ្លាំងនោះទេបើធៀបនឹងអាម៉េរិក ដោយសារវិធីសាស្រ្តដោះស្រាយរបស់ចិន ហាក់ស្ងប់ស្ងៀម ខណៈវិធីសាស្ត្ររបស់អាម៉េរិកមានទាំងធម៌ក្ដៅ និងធម៌ត្រជាក់។​

ដោយឡែក លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានអះអាងថា ប្រសិនបើថៃ មិនខ្វល់ជាមួយការដាក់ទណ្ឌកម្មពន្ធរបស់អាម៉េរិកទេ ហេតុអ្វីថៃ ព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលអាម៉េរិក ឱ្យចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយគ្នាខ្លួន ក្នុងអំឡុងពេលចុះកិច្ចព្រមព្រៀងសន្តិភាព ​គូឡាឡាំពួ នៅប្រទេសម៉ាស៊ី កាលពីថ្ងៃទី២៦ ខែតុលា។ បើតាមអ្នកជំនាញរូបនេះ ខណៈពេលដែលថៃ បានចរចារឿងទីផ្សាររ៉ែកម្រជាមួយអាម៉េរិកក្រៅផ្លូវការ ថៃ ក៏មានសកម្មភាពនៅក្រោយនោះបន្ថែមទៀតផងដែរ នោះគឺធ្វើយ៉ាងណាឱ្យមហាយក្សចិន មានទំនុកចិត្តលើខ្លួនបន្តទៀតតាមរយៈទស្សនកិច្ចផ្លូវរដ្ឋទៅចិន របស់ស្ដេចថៃ។ កត្តានេះអ្នកជំនាញរូបនេះបានវាយតម្លៃថា ប្រទេសថៃ កំពុងប្រើយុទ្ធសាស្រ្តស្ងាត់តែសម្បើម ពោលគឺថៃ បានរក្សាឱ្យនៅដដែលនៅចំណងមិត្តភាពជាមួយចិន និងអាម៉េរិក។

គួរបញ្ជាក់ថា ក្រោយទាហានថៃ ដើរជាន់មីនដោយខ្លួនឯងកាលពីថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ ដែលជិតខ្ទាតចេញពីតំណែង អានុទីន ឆានវីរៈគុល បានប្រាកាសទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្តីថ្លែងការរួមគូឡាឡាំពួ និងក្រឡាស់ឈប់ដោះលែងទាហានកម្ពុជា ទាំង១៨រូប ដែលពួកគេបានសន្យាដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ លោក អានុទីន បានប្រកាសផ្ដល់សិទ្ធិអំណាចដល់ក្រុមយោធាក្នុងការគ្រប់គ្រងបញ្ហាព្រំដែនថៃ-កម្ពុជា ចំពេលភាពតាននៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរកំពុងឡើងកម្ដៅខ្លាំង៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើអ្វីជាបញ្ហាប្រឈមរបស់អ្នកលក់ដូរតាមដងផ្លួវ ហើយអាជ្ញាធរគួរជួយអន្តរាគមន៍បែបណា?

អ្នកលក់ដូរតាមដងផ្លួវ ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរួមចំណែកជួយបង្កើតការងារ កាត់បន្ថយការចំណាកស្រុក និងជាផ្នែកមួយនៃទេសចរ និងការលើកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ