ឧស្សាហកម្មទេសចរណ៍របស់ថៃ កំពុងត្រៀមទាញទម្លាក់កំណើនសេដ្ឋកិច្ចថៃ ឲ្យធ្លាក់ចុះ ក្រោយការបើកការវាយប្រហាររបស់យោធាថៃជាថ្មីមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យទេសចរណ៍របស់ប្រទេសនេះ ព្រោះការបញ្ឆេះសង្គ្រាមរបស់ថៃនេះធ្វើឡើងចំរដូវកាលសម្បូរភ្ញៀវទេសចរ ដែលធ្វើឱ្យភ្ញៀវទេសបរទេសជាច្រើនលុបដំណើរកម្សាន្តមកកាន់ប្រទេសថៃ។ វិស័យទេសចរណ៍ជាវិស័យសសរស្ដម្ភមួយក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ។
ក្រៅពីវិស័យទេសចរណ៍ បញ្ហាសង្គ្រាមដែលបញ្ឆេះឡើងដោយយោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូ នេះ ក៏កំពុងគំរាមកំហែងដល់ការដោះដូរពាណិជ្ជកម្ម ការវិនិយោគ និងការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនមកលើប្រទេសថៃ។ បន្ថែមលើនេះបញ្ហានេះ ក៏អាចទាញទម្លាក់តម្លៃប្រាក់បាតឱ្យមានការធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចថៃ បានព្រមានថា សេដ្ឋកិច្ចថៃ ដែលកំពុងចុះខ្សោយស្រាប់ហើយនោះ នឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរប្រសិនបើបញ្ហាសង្គ្រាម ដែលបញ្ឆេះមកលើកម្ពុជា បន្តអូសបន្លាយពេលកាន់តែយូរពុំមានដំណោះស្រាយ។
វិទ្យាស្ថានស្រាវជ្រាវដ៏ធំមួយនៅប្រទេសថៃ Kasikorn បានប៉ាន់ប្រមាណថា ការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាថៃ និងកងកម្លាំងកម្ពុជា អាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃ ប្រមាណ០,៤% ប្រសិនបើបន្តអូសបន្លាយដល់ឆ្នាំ២០២៦។ ទីផ្សារកម្ពុជា បានចន្លោះពី២ ទៅ៣% នៃការនាំចេញសរុបរបស់ថៃ ហើយប្រមាណ៧០%នៃទំនិញទាំងនេះត្រូវដឹកជញ្ជូនតាមព្រំដែនគោក៕
ដោយៈ សរ សុជាតិ