លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា នៅក្នុងរិបទដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់នេះ ការធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់អាស៊ាន មិនត្រឹមតែជួយកាត់បន្ថយហានិភ័យពីវិបត្តិសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាកសាងភាពធន់នៃសេដ្ឋកិច្ចតាមរយៈការផ្សារភ្ជាប់ខ្លួនទៅនឹងរោងចក្រអាស៊ី។ អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីទីផ្សារអាស៊ាន កម្ពុជាត្រូវបន្តសម្របសម្រួលនីតិវិធីពាណិជ្ជកម្មឱ្យកាន់តែសាមញ្ញ និងមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពេលវេលា បើទោះបីជាពន្ធគយត្រូវបានកាត់បន្ថយស្ទើរដល់០%ក៏ដោយ។ បន្ថែមលើនេះ ជំនួសឱ្យការប្រកួតប្រជែង កម្ពុជាគួរដាក់ខ្លួនជាផ្នែកមួយ នៃខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសជិតខាង។ ទន្ទឹមនេះកម្ពុជាគួរជំរុញការធ្វើពិពិធកម្មទៅលើសេវាកម្មហិរញ្ញវត្ថុ ភស្តុភារ និងបច្ចេកវិទ្យា ដែលអាចនាំចេញបានដោយមិនបារម្ភពីរឿងសង្រ្គាម ឬបញ្ហាដឹកជញ្ជូនតាមសមុទ្រ។
បើតាមអ្នកជំនាញរូបនេះ ការលើកកម្ពស់ស្តង់ដា និងអនាម័យ ក៏ជារឿងសំខាន់ផងដែរ ដោយបញ្ហាប្រឈមធំបំផុតសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់តំបន់អាស៊ាន មិនមែនជាបញ្ហាពន្ធគយទេ ប៉ុន្តែគឺរបាំងបច្ចេកទេស ដែលទាមទារឱ្យកម្ពុជាត្រូវពង្រឹងការបញ្ជាក់ស្តង់ដាគុណភាព និងអនាម័យឱ្យស្របតាមតម្រូវការរបស់ប្រទេសដូចជាសិង្ហបុរី និងម៉ាឡេស៊ីជាដើម។
ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនបន្ថែមទៅកាន់ទីផ្សារពិភពលោក និងក្នុងតំបន់អាស៊ាន។ តែយ៉ាងណាអ្នកជំនាញរូបនេះបានឱ្យដឹងថា ទំហំនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាស៊ាននៅតែមានតិចជាងទំហំនាំចូលត្រឡប់មកវិញ ដែលទាមទារឱ្យកម្ពុជាត្រូវពង្រីកទំនាក់ទំនងទីផ្សារក្នុងតំបន់ឱ្យកាន់តែប្រសើរ ព្រមជាមួយការពន្លឿនការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានឱ្យកាន់តែស៊ីជម្រៅ។ អ្នកជំនាញរូបនេះចាត់ទុកការជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជាកាន់តែច្រើន គឺជាកត្តាសំខាន់ក្នុងការជំរុញកំណើននាំចេញរបស់កម្ពុជាទៅកាន់តំបន់អាស៊ានកាន់តែមានប្រសិទ្ធភាព។
បើតាមក្រុមអ្នកជំនាញ ផលិតផលដែលមានសក្ដានុពលខ្ពស់របស់កម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអាស៊ានរួមមានផលិតផលក្នុងវិស័យកសិ-ឧស្សាហកម្ម ទំនិញប្រើប្រាស់ក្នុងផ្ទះ និងសម្លៀកបំពាក់ បន្ទះសូឡា សំបកកង់រថយន្ត និងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម។ គួររំលឹកថា នៅពេញមួយឆ្នាំ២០២៥កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ានសម្រេចបានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារកើនឡើងប្រមាណ៤% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះកានាំចេញមានទំហំទឹកប្រាក់ជាង៥,៦ពាន់លានដុល្លារកើនឡើងជាង៩% ខណៈការនាំចូលមកវិញមានទំហំជាង១០ពាន់លានដុល្លារកើនឡើងប្រមាណជិត១%៕