
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានចាត់ទុកអត្រាពន្ធបដិការ៣៦% ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់លើទំនិញកម្ពុជា វានៅតែក្នុងកម្រិតមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក។ តែយ៉ាងណាប្រធានសមាគមរូបនេះ អះអាងថា សម្រាប់វិស័យស្បែកជើងហាក់ពុំមានផលប៉ះពាល់ខ្លាំងនោះទេ ដោយសារការនាំចេញផលិតផលស្បែកជើងរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក មានចំនួនតិចនៅឡើយ បើធៀបនឹងការនាំចេញទៅកាន់ទីផ្សារដ៏ទៃដូចជាអឺរ៉ុប អង់គ្លេស កាណាដា និងចិន ជាដើម។ យ៉ាងណាក៏ដោយអ្នកឧកញ៉ារំពឹងថា កម្ពុជានឹងអាចទទួលបានការបញ្ចុះពន្ធក្នុងកម្រិតប្រសើរជាងនេះបន្ថែមទៀត ដ្បិតថា កម្ពុជា នៅមានពេលប្រមាណ៣សប្តាហ៍ក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការទទួលបានការបញ្ចុះពន្ធបដិការពីសហរដ្ឋអាម៉េរិក ពីចំនួន៤៩% មកនៅត្រឹម៣៦%នេះ គឺជាលទ្ធផលដ៏ប្រសើរមួយសម្រាប់កម្ពុជា បើធៀបនឹងបណ្តាប្រទេសដទៃក្នុងតំបន់ លើកលែងតែវៀតណាម។ សម្រាប់អ្នកនាំពាក្យរូបនេះ ទោះបីអត្រាពន្ធកម្ពុជា មានកម្រិតពន្ធខ្ពស់ជាងប្រទេសវៀតណាម ដែលមានត្រឹម២០%ក្តី តែកម្ពុជា នៅតែមានលទ្ធភាពខ្ពស់ក្នុងការស្រូបទាញការវិនិយោគក្នុងវិស័យកាត់ដេរ ព្រោះវៀតណាមបច្ចុប្បន្នដាក់គោលដៅទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ខណៈប្រទេសដៃគូប្រជែងក្នុងវិស័យកាត់ដេរជាមួយកម្ពុជា សុទ្ធតែមានកម្រិតពន្ធប្រហាក់ប្រហែលនឹងកម្ពុជា។
ជាមូយគ្នានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ យល់ឃើញថា កម្រិតពន្ធ៣៦%នេះ វាជាក្តីបារម្ភសម្រាប់រយៈពេលខ្លីខាងមុខលើការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា និងជាពិសេសស្ថិរភាពការងាររបស់កម្មករនិយោជិតជាង១លាននាក់ ដ្បិតថា កម្រិតពន្ធដែលអាម៉េរិក ដាក់មកលើកម្ពុជា ធៀបនឹងបណ្តាប្រទេស ដែលផលិត និងនាំចេញផលិតផលក្នុងវិស័យកាត់ដេរនៅក្នុងអាស៊ាន កម្ពុជា អាចប្រឈមនឹងកត្តាប្រកួតប្រជែងទីផ្សារក្នុងការនាំចេញ ដែលនឹងប៉ះពាល់ដល់កំណើននៃការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលខ្លី។
បន្ថែមលើនេះ លោក ឃុន ថារ៉ូ បានវាយតម្លៃថា វៀតណាមអាចនឹងទទួលបានលក្ខខណ្ឌប្រសើរជាងកម្ពុជា និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ានទាំងកត្តាសេដ្ឋកិច្ច ពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយក្នុងតំបន់ ដូច្នេះនៅក្នុងស្ថានភាពនេះ ក្រុមហ៊ុនអ្នកបញ្ជាទិញនៅទីផ្សារអាម៉េរិក អាចពិចារណាលើការងាកមកបញ្ជាទិញផលិផលពីវៀតណាម។ តែយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា កម្ពុជា អាចនៅមានឱកាសក្នុងការចរចា ដើម្បីបន្ថយអត្រាពន្ធបដិការនេះមុនពេលចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខ៕
អត្ថបទ សោម ស្រីពេជ្រ