ប៉ូលិសនៅខេត្តកាញហោ (Khanh Hoa) នៅភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែធ្នូ បានចោទប្រកាន់បុរសម្នាក់ និងមនុស្សប្រាំមួយនាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីគាស់យកជ្រូកងាប់រាប់រយក្បាល ដែលឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិក និងយកជ្រូកទាំងនោះផលិតជាសសាច់លក់ខុសច្បាប់ច្បាប់នៅវៀតណាម។
អាជ្ញាធរបាននិយាយថា បុរសម្នាក់ឈ្មោះ ដាង ហោង ឌិញ (Dang Hoang Dinh) បានជួល កម្មករមួយក្រុម ដើម្បីគាស់យកជ្រូកដែលងាប់ និងកប់ចោល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនប៉េស្ដជ្រូកអាហ្វ្រិក។
សាកសពជ្រូកទាំងនេះ ត្រូវបានដឹកជញ្ជូនទៅកន្លែងមួយ ជាទីដែលក្រុមកម្មករទាំងនោះបានពន្លះសាច់ សម្អាត និងបង្កកសាច់សម្រាប់លក់បន្ត។ អ្នកស៊ើបអង្កេតបានព្រមានថា ប្រតិបត្តិការនេះ បង្កការគំរាមកំហែងដោយផ្ទាល់ដល់សុខភាពសាធារណៈ និងអាចរីករាលដាលមេរោគដ៏គ្រោះថ្នាក់ ប្រសិនបើមានអ្នកបានបរិភោគសាច់ជ្រូកទាំងនេះ។
សូមរំលឹកថា ការត្រួតពិនិត្យដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃទី៣០ ខែវិច្ឆិកាបានបង្ហាញថា ជ្រូកចំនួនជាង៣០០ក្បាលបានងាប់ ឬឈឺធ្ងន់ ដោយមាន ១៤៦ក្បាលត្រូវបានសម្លាប់រួចហើយ ហើយ៣៣ក្បាលនៅរស់ ប៉ុន្តែមានសភាពស្លេកស្លាំង និងខ្សោយ។
ប៉ូលិសក៏បានរកឃើញសាច់ជ្រូកជាងប្រាំតោន ដែលត្រូវបានកែច្នៃ និងលក់ក្នុងតម្លៃជិត២ម៉ឺនដុល្លារអាម៉េរិក ហើយក្រោយពីការធ្វើតេស្តរួច លទ្ធផលបានបង្ហាញថា សំណាកគំរូចំនួន ២៩៥ ក្នុងចំណោម៣០៤គំរូ មានលទ្ធផលវិជ្ជមាន ចំពោះជំងឺប៉េស្ដជ្រូកអាហ្វ្រិក។
មន្ត្រីវៀតណាម បាននិយាយថា ករណីនេះមិនត្រឹមតែរំលោភច្បាប់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងការធ្វើឱ្យខូចឧស្សាហកម្មបសុសត្វ បង្កឱ្យមានការបំពុលបរិស្ថាន និងបង្កឱ្យមានការខឹងសម្បារពីសាធារណជនផងដែរ៕
ដោយ៖ សុខ មង្គល