កត្តានេះតម្រូវឱ្យកម្ពុជា ត្រូវគិតគូរជាបន្ទាន់លើការធ្វើពិពិធកម្មទីផ្សារដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋនៅតាមតំបន់ព្រំដែន។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានលើកឡើងថា ទោះបីជាមានការតវ៉ាឱ្យរាប់សន្លឹកឆ្នោតឡើងវិញពីម្ចាស់ឆ្នោតជាច្រើនក៏ដោយ តែនាយករដ្ឋមន្ត្រីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល នៅតែមានឱកាសខ្ពស់ក្នុងការក្ដោបក្ដាប់អំណាចបង្កើតរដ្ឋាភិបាល។ លោកបណ្ឌិតបារម្ភថា ផែនការបន្តបិទព្រំដែន ការកសាងរបងសន្តិសុខ និងការផ្ដល់អំណាចដល់យោធាថៃ នៅតាមបន្ទាត់ព្រំដែន នឹងនៅតែជាអាទិភាពរបស់លោក អានុទីន។ អ្នកជំនាញរូបនេះបានបន្ថែមថា ស្ថានភាពនេះមិនត្រឹមតែធ្វើឱ្យអាជីវករថៃ ខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសម្ពាធដល់កសិករខ្មែរ ដែលធ្លាប់តែពឹងផ្អែកលើទីផ្សារថៃ ដូច្នេះការបង្វែរទីផ្សារលក់កសិផល គឺជាកិច្ចការចាំបាច់បំផុត។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច យល់ឃើញថា ប្រសិនបើតំបន់ព្រំដែននៅតែបន្តស្ថិតក្នុងភាពជាប់គាំង ចរន្តសេដ្ឋកិច្ចមូលដ្ឋាននឹងកាន់តែដុនដាប។ អ្នកជំនាញរូបនេះជឿជាក់ថា ការធ្វើពិពិធកម្មកសិផលនៅពេលនេះអាចនឹងប្រឈមឧបសគ្គ ដោយសារកម្ពុជា ត្រូវការពេលវេលាដើម្បីបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមតំបន់ជម្លោះឱ្យអស់ជាមុនសិន។ ជំនួសមកវិញ លោកស្រី បានផ្តល់ជាគំនិតដល់រដ្ឋាភិបាលឱ្យជំរុញវិស័យសេវាកម្ម និងទេសចរណ៍នៅតាមតំបន់ព្រំដែន ដើម្បីបង្កើតមុខរបរថ្មីជូនពលរដ្ឋ។
ដោយឡែក លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានយល់ឃើញថា លោក អានុទីន នឹងមិនងាយបោះបង់ការសន្យាជាមួយម្ចាស់ឆ្នោតដែលនិយមនយោបាយរឹងត្អឹងនោះឡើយ។ សម្រាប់អ្នកជំនាញរូបនេះ ការបន្តរឹតត្បិតព្រំដែននឹងក្លាយជាអាវុធមុខពីរ ដែលធ្វើឱ្យពលរដ្ឋនៃប្រទេសទាំងពីររងគ្រោះសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែប្រើយុទ្ធសាស្ត្រកាត់ផ្ដាច់ពីទីផ្សារថៃ និងឥទ្ធិពលសេដ្ឋកិច្ចតាមព្រំដែនរបស់ថៃ តាមរយៈការរក្សាស្ថិរភាពសេដ្ឋកិច្ចដោយខ្លួនឯង និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ។
គួរបញ្ជាក់ថា ក្រោយមានជម្លោះព្រំដែន ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយកាលពីខែមករា កន្លងមក ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានទំហំជាង២០៩លានដុល្លារ មានការធ្លាក់ចុះ១៦១លានដុល្លារ ឬជាង៤៣% បើធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជានាំចូលទំនិញពីថៃ មានទំហំជាង១៥១លានដុល្លារធ្លាក់ចុះជិត៥០% ខណៈកម្ពុជា នាំចេញទៅថៃវិញ មានទំហំ៥៨លានដុល្លារធ្លាក់ចុះប្រមាណ១៩%។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ ជា ម៉ារ៉ា