ស្របពេលភាគីថៃបានចោទប្រកាន់កម្ពុជាថាបានបំពានអធិបតេយ្យភាពខ្លួន អ្នកជំនាញភូមិសាស្ត្រនយោបាយ និងច្បាប់ បានចេញមុខព្រមានថា នេះគឺជាល្បិចនយោបាយដ៏គ្រោះថ្នាក់ ដែលអាចរុញច្រានប្រទេសទាំងពីរឱ្យធ្លាក់ចូលក្នុងភក់ជ្រាំសង្គ្រាមជាលើកទី៣ ប្រសិនបើកម្ពុជាមិនត្រៀមលក្ខណៈការពារជាតិឱ្យបានរឹងមាំទេនោះ។
Story: លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងកម្ពុជា និងថៃក្លាយជាគោលការណ៍ច្បាប់អន្តរជាតិ ដែលគ្មានភាគីណាមួយអាចលុបចោលដោយឯកតោភាគីដោយគ្មានការយល់ព្រមពីភាគីម្ខាងទៀតនោះទេ។ អ្នកជំនាញរូបនេះយល់ថា ការចង់លុប MoU របស់សមាជិកព្រឹទ្ធសភា ជាចេតនាមួយ ដែលអាចបង្កឱ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹង និងអាចជាលេសរបស់ថៃក្នុងការបង្កអរិភាពជាមួយកម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ថៃកំពុងបង្ហាញចេតនាចង់ងាកចេញពីយន្តការទ្វេភាគី និងអន្តរជាតិ ដែលជាដំណោះស្រាយដោយសន្តិវិធី ទៅប្រើកម្លាំងយោធាដើម្បីដណ្ដើមយកទឹកដីខ្មែរ ហើយបង្កើតខណ្ឌសីមាព្រំដែនថ្មីដោយឯកតោភាគី។
ពាក់ព័ន្ធបញ្ហានេះដែរ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទយល់ឃើញថា ប្រសិនបើថៃលុបចោល MoU 2000 កម្ពុជាមិនត្រឹមតែពិបាកក្នុងការទាមទារដីដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ក្រោយការប៉ះទង្គិចគ្នាលើកទី២នោះទេ ថែមទាំងអាចមានភាគរយខ្ពស់ក្នុងការរងការឈ្លានពានម្តងទៀតពីសំណាក់ភាគីថៃផងដែរ។ យ៉ាងណាមិញ អ្នកជំនាញរូបនេះទទូចឱ្យកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ បើទោះបីបញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឱ្យរំខាន់ដល់ការសម្រេចិត្ត និងដំណើរការរបស់ស្ថាប័ននេះក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះការចង់លុប MoU របស់ភាគីវាសញ្ញាមួយ ដែលទាមទារឱ្យកម្ពុជាត្រូវប្រុងប្រយ័ត្ន និងពង្រឹងកម្លាំងការពារជាតិឱ្យខ្លាំងជាងមុន ដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានដែលមិនអាចដឹងមុន។
ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃទី២៦ ខែមីនា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីឆ្លើយតបនឹងបំណងរបស់ភាគីថៃ ដែលចង់លុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងបានចាត់ទុកទង្វើនេះថា ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយពីច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញនយោបាយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានសង្កត់ធ្ងន់ថា តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនបានឡើយ។ ក្នុងន័យនេះ ការលុប MoU ឆ្នាំ២០០០ មិនត្រឹមតែរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បាននោះឡើយ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា