នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី Kristalina Georgieva បាននិយាយទៀតថា ឆ្នាំ២០២៣នឹងក្លាយជា«ឆ្នាំដ៏លំបាក»មួយផ្សេងទៀតសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយអតិផរណានៅតែកើនខ្ពស់ដដែល ប៉ុន្តែ លោកស្រីក៏មិនរំពឹងដែរថា នៅឆ្នាំបន្តបន្ទាប់ទៀត នឹងមានការធ្លាក់ចុះកំណើនដូចឆ្នាំនេះ និងឆ្នាំមុន នាំឲ្យមានការរាំងស្ទះការអភិវឌ្ឍមួយចំនួន ឬក៏អត់នោះទេ។
មូលនិធិ IMF កាលពីខែតុលាបានព្យាករថា កំណើនពិភពលោកនឹងថយចុះមកត្រឹម ២,៧% នៅឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះពី ៣,២% កាលពីឆ្នាំ២០២២ និងធ្លាក់ចុះពី ៦%កាលពីឆ្នាំ២០២១។ មុននឹងបន្ទាប់កំណើនឆ្នាំ២០២៣ មកនៅត្រឹម ២,៧% មូលនិធិ IMF ធ្លាប់បានព្យាករពីមុនមកថា សេដ្ឋកិច្ចនឹងអាចមានកំណើន ២,៩%។ ទោះយ៉ាងណាលោកស្រី Georgieva បានរំពឹងទុកថា នឹងមិនមានការកាត់បន្ថយបន្ថែមទៀតចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោកនោះឡើយ។
លោកស្រីបានប្រាប់អ្នកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់មូលនិធិ IMF ក្នុងទីក្រុងវ៉ាស៊ីនតោនថា ជាការពិតកំណើននៅតែបន្តធ្លាក់ចុះនៅឆ្នាំ២០២៣នេះ ប៉ុន្ដែ ការមើលឃើញជាវិជ្ជមាននោះ គឺស្ថិតនៅក្នុងភាពរឹងមាំនៃទីផ្សារការងារ។ ដរាបណាមនុស្សនៅតែមានការងារធ្វើច្រើន បើទោះជាមានការចំណាយខ្ពស់ក៏ពិតមែន មនុស្សនៅតែចំណាយ ហើយការចំណាយនេះនឹងជួយដល់ដល់ចរន្ដសេដ្ឋកិច្ច។
លោកស្រី Georgieva បាននិយាយថា មូលនិធិ IMF រំពឹងថាការធ្លាក់ចុះនៃកំណើនសកលនឹង«មានកម្រិតខ្លាំង» ហើយនឹងឈានងើបឡើងមកវិញនៅចុងឆ្នាំ ២០២៣ និងចូលដល់ឆ្នាំ២០២៤។
លោកស្រី Georgieva បាននិយាយថា មានក្តីសង្ឃឹមជាច្រើនដែលប្រទេសចិននឹងជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកម្តងទៀត ដែលទំនងជាចាប់ពីពាក់កណ្តាលឆ្នាំ២០២៣នេះ ដោយសារពីមុនមកប្រទេសចិនបានរួមចំណែកប្រហែល ៣៥% ទៅ ៤០% នៃកំណើនពិភពលោក ប៉ុន្តែមានលទ្ធផលគួរឱ្យ«ខកចិត្ត»កាលពីឆ្នាំមុន ដោយសារតែវិធានការកូវីដ១៩តឹងរ៉ឹងរបស់ទីក្រុងប៉េកាំង។
ប្រធាន IMF រូបនេះសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនោះ គឺប្រទេសចិនត្រូវបន្ដដំណើរការបើកប្រទេសឡើងវិញរបស់ខ្លួន ដោយមិនត្រូវត្រឡប់ទៅរកការវិធានការសូន្យកូវីដដ៏តែងតែងឡើងវិញ។ អ្នកជំនាញបានចាត់ទុកការអភិវឌ្ឍចុងក្រោយនៅប្រទេសចិននេះថា «ទំនងជាកត្តាសំខាន់បំផុតតែមួយគត់សម្រាប់ជួយឲ្យសេដ្ឋកិច្ចពិភពលោកបន្ដមានកំណើន»៕
អត្ថបទ ៖ សុខ ជា