សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមីនា ថា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ ទំនងជានឹងបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈឡើងកាន់តែខ្ពស់ និងធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចធ្លាក់ចុះទូទាំងពិភពលោក ខណៈបណ្ដាប្រទេសដែលពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល ជាពិសេសនៅអាហ្វ្រិក និងអាស៊ី កំពុងពិបាកទទួលបានការផ្គត់ផ្គង់កាន់តែខ្លាំងរួចទៅហើយ។ ស្ថាប័នហិរញ្ញវត្ថុមួយនេះបានវាយតម្លៃថា តម្លៃថាមពលនឹងនៅតែខ្ពស់ អតិផរណានឹងពិបាកគ្រប់គ្រង ហើយកំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះ។
តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្លាំងរួចទៅហើយ ហើយនេះក៏កំពុងជំរុញឱ្យស្បៀងអាហារ និងជីកសិកម្មហក់ឡើងថ្លៃខ្លាំងផងដែរ ដែលអាចប៉ះពាល់ដល់ការធ្វើកសិកម្ម និងធ្វើឱ្យការប្រមូលផលធ្លាក់ចុះ។ បណ្ដាប្រទេសក្រីក្រប្រឈមនឹងហានិភ័យខ្លាំងជាងគេបំផុត ពីព្រោះប្រជាជននៅក្នុងប្រទេសទាំងនោះចំណាយមួយចំណែកធំ នៃប្រាក់ចំណូលរបស់ខ្លួនលើស្បៀងអាហារ ហើយស្ថានភាពនេះអាចបង្កឱ្យមានការខ្វះខាតស្បៀងអាហារ និងបញ្ហាសង្គមធ្ងន់ធ្ងរ។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានសង្កត់ធ្ងន់ថា ផលប៉ះពាល់រួមនឹងអាស្រ័យទៅលើថា តើសង្គ្រាមអ៊ីរ៉ង់ នឹងអូសបន្លាយពេលយូរប៉ុនណា ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ថ្លៃដើមខ្ពស់ និងសម្ពាធសេដ្ឋកិច្ច៕
ដោយ: តែម សុខុម