ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានវាយតម្លៃថា ស្ថានភាពទីផ្សារទិញលក់ និងតម្លៃអចលនទ្រព្យកម្ពុជា នៅក្នុងឆ្នាំ២០២៥ ហាក់មានការរើបឡើងវិញបន្តិចកាលពីដើមឆ្នាំ ប៉ុន្តែបានរងសម្ពាធសាជាថ្មីដោយសារឥទ្ធិពលនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅប៉ុន្តែខែចុងក្រោយនេះ។ តែយ៉ាងណា អ្នកជំនាញរូបនេះ បានវាយតម្លៃថា ស្ថានភាពទីផ្សារ និងតម្លៃអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៦ ទំនងជាមិនមានការប្រែប្រួលបន្ថែមទៀតនោះទេ បើទោះបីជាបញ្ហាសង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជានៅតែបន្តអូសបន្លាយក៏ដោយ ដ្បិតថា វិស័យនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតហើយនៅប៉ុន្មានឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា តាមរយៈបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ នាពេលកន្លងមកនេះ ចង់ឬមិនចង់វាបានជះឥទ្ធិពលមួយចំនួនដល់ទីផ្សារអចលនទ្រព្យកម្ពុជា ពិសេសការបាត់បង់ទំនុកចិត្តរបស់វិនិយោគិនក្នុងការវិនិយោគលើវិស័យនេះ ព្រោះពួកគេមានការប្រុងប្រយ័ត្នជាងមុនលើការចំណាយ។ ដូច្នេះហើយអ្នកជំនាញរូបនេះ មានក្តីបារម្ភខ្ពស់ចំពោះការធ្លាក់ចុះបន្ថែមទៀតរបស់ទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំក្រោយ ប្រសិនបើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅបន្តអូសបន្លាយយូរ និងស្របពេលដែលរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណេញមូលធនក្នុងវិស័យនេះឡើងវិញចាប់ពីដើមឆ្នាំ២០២៦ តទៅ។
គួរជម្រាបថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ វិស័យអចលនទ្រព្យកម្ពុជា បន្តមានកំណើនទាប ០,៨% ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទានសម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។ សន្ទស្សន៍ថ្លៃលំនៅឋានរួមថយចុះជាមធ្យមចំនួន ៣,៦% ដែលក្នុងនោះ នៅរាជធានីភ្នំពេញ ថយចុះ ៣,៦% និងនៅតាមបណ្តាខេត្តបានថយ ៧,១%។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕