
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែរច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា កត់សម្គាល់ឃើញថា ក្រោយកម្ពុជា បានបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ការនាំចូលបន្លែ និងផ្លែឈើពីទីផ្សារវៀតណាម ចូលមកកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ បើតាមអ្នកជំនាញរូបនេះ ដោយសារប្រទេសកម្ពុជា ជាទីផ្សារសេរី ដូច្នេះការនាំចូលបន្លែផ្លែឈើពីទីផ្សារប្រទេសជិតខាងចូលមកកម្ពុជា គឺជារឿងធម្មតា ប៉ុន្តែដោយសារបន្លែនិងផ្លែឈើ គឺជាផលិតផលសម្រាប់បរិភោគ ដូច្នេះមុននឹងអនុញ្ញាតឱ្យនាំចូលមកកម្ពុជា អាជ្ញាធរពាក់ព័ន្ធគួរតែត្រួតពិនិត្យឱ្យបានដិតដល់ទៅលើគុណភាព និងសុវត្ថិភាព។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ចាប់តាំងពីកម្ពុជា បានបិទការនាំចូលបន្លែពីប្រទេសថៃ ការនាំចូលបន្លែពីប្រទេសវៀតណាម ចូលមកកម្ពុជា ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាលោកមិនបានដឹងពីបរិមាណនាំចូលជាក់ស្តែងក៏ដោយ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ ស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកគិតគូរលើបរិមាណ និងគុណភាពបន្លែនាំចូលឱ្យបានដិតដល់ បើមិនដូច្នេះទេ បន្លែនាំចូលពីវៀតណាម អាចមានបរិមាណច្រើនលើសលប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារបន្លែក្នុងស្រុក។
ទន្ទឹមនឹងនេះ លោក ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធសិក្សាអំពីលទ្ធភាពផលិតបន្លែក្នុងស្រុកឱ្យបានច្បាស់ ដើម្បីធ្វើឱ្យមានសមភាពរវាងបន្លែដាំក្នុងស្រុក និងបន្លែនាំចូល។ សម្រាប់លោកបណ្ឌិត មាស នី កម្ពុជា ល្មមដល់ពេលហើយក្នុងការបែងចែកឱ្យបានច្បាស់ពីបន្លែនាំចូល និងបន្លែផលិតក្នុងស្រុកនៅតាមទីផ្សារនានា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការជ្រើសរើស និងដឹងពីប្រភពផលិត។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បន្លែនាំចូលពីវៀតណាម និងបន្លែដាំក្នុងស្រុកហាក់មានការចរាចរលក់នៅលើទីផ្សារកម្ពុជា ច្រើនជាងមុន ចាប់តាំងពីកម្ពុជា បិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ស្នើឱ្យក្រសួងពាក់ព័ន្ធបង្កើនការត្រួតពិន្យគុណភាពបន្លែនាំចូល ដើម្បីធានាថា ការនាំចូលមិនត្រឹមតែសម្រាប់បំពេញតម្រូវការផ្គត់ផ្គង់នោះទេ តែមានការគោរពតាមស្តង់ដាសុវត្ថិភាព ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ។
គួរជម្រាបថា កម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ទាំងស្រុង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយយោធាថៃ មិនព្រមបើកច្រកទ្វារព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីឱ្យដូចសភាពដើមវិញតាមការចង់បានរបស់កម្ពុជា៕