លោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់មាត្រា ២៣២ នៃច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាម៉េរិក អាចដាក់ពន្ធគយ ប្រសិនបើទំនិញនាំចូលពីប្រទេសផ្សេងៗត្រូវបានមើលឃើញថា ជាហានិភ័យគំរាមកំហែងដល់សន្តិសុខជាតិ របស់អាម៉េរិក។ រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមបើកការស៊ើបអង្កេតចំនួន១៤ករណីហើយលើផលិតផលផ្សេងៗដូចជា ដែកថែប អាលុយមីញ៉ូម រថយន្ត បន្ទះឈីប ឱសថ គ្រឿងចក្រ និង រ៉ែសំខាន់ៗ។ សូមបញ្ជាក់ថា លោក ត្រាំ ជាប្រធានាធិបតីអាម៉េរិក ទី៤៧ ដែលបានប្រើប្រាស់អំណាចពិសេសនេះច្រើនជាងប្រធានាធិបតីអាម៉េរិកមុនៗទាំងអស់។
ប្រទេសចិន គឺជាប្រទេសក្នុងតំបន់អាស៊ី ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត ដោយទំនិញដែលគិតជាទឹកប្រាក់មានរហូតដល់ទៅ១៤២ពាន់លានដុល្លាររបស់ខ្លួនស្ថិតក្នុងហានិភ័យដោយសារពន្ធនេះ។ ក្នុងនោះបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ក៏រងផលប៉ះពាល់ផងដែរ រួមទាំងប្រទេសជប៉ុន ដែលមានទំនិញគិតជាទឹកប្រាក់១០៧ពាន់លានដុល្លារ និងកូរ៉េខាងត្បូង ដែលមានទំនិញគិតជាប្រាក់ចំនួន១០២ពាន់លានដុល្លារ ទោះបីជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន យ៉ាងណាក៏ដោយ។
ពន្ធគយដែលត្រូវបានដាក់រួចហើយ ឬកំពុងស្ថិតក្រោមការពិចារណា រួមមាន ដែកថែប និងអាលុយមីញ៉ូម ដែលមានអត្រាពន្ធរហូតដល់៥០% ទង់ដែង៥០% រថយន្ត និងគ្រឿងបន្លាស់រថយន្ត២៥% គ្រឿងសង្ហារិម និងផលិតផលឈើពី១០–២៥% រួមទាំងពន្ធលើរថយន្តដឹកទំនិញ ដ្រូន គ្រឿងចក្រ និងមនុស្សយន្ត, ឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីប, ឱសថ និងសម្ភារៈវេជ្ជសាស្ត្រ, រ៉ែសំខាន់ៗ និងគ្រឿងបន្លាស់ទួរប៊ីនខ្យល់ផងដែរ។
ក្រុមអ្នកជំនាញបានលើកឡើងថា ពន្ធគយទាំងនេះឆ្លុះបញ្ចាំងពីគោលនយោបាយគាំពារនិយមកាន់តែខ្លាំងនៅក្នុងអាណត្តិទី២ របស់លោក ដូណាល់ ត្រាំ ហើយអាចធ្វើឱ្យថ្លៃដើមផលិតសម្រាប់ក្រុមហ៊ុន និងតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក កើនឡើង ខណៈដែលប្រទេសមួយចំនួនទទួលបានការលើកលែង ឬ អត្រាទាបជាងនេះ។ ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគព្រមានថា ពន្ធគយនាពេលអនាគតនឹងនៅតែអាចត្រូវអនុវត្តដដែលដោយចៀសមិនផុត។ សរុបជារួមពន្ធគយអាចធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់សកលមានការប្រែប្រួល និងបង្កើនសម្ពាធសេដ្ឋកិច្ចលើបណ្ដាប្រទេសនៅអាស៊ី និងបណ្ដាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ផងដែរ៕
ដោយ: តែម សុខុម