
ថ្លែងនៅក្នុងវេទិកាស្តីពី អាស៊ីកំពុងរីកចម្រើន៖ ព្រំដែនវិនិយោគបន្ទាប់ (Emerging Asia: The Next Investment Frontier) អ្នកឧកញ៉ា សៀ ឫទ្ធី បានកត់សម្គាល់ថា សមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានពឹងផ្អែកកាន់តែខ្លាំងឡើងលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងគម្រោងតភ្ជាប់ឆ្លងដែន។ ចាប់ពីផ្លូវរថភ្លើងល្បឿនលឿន រហូតដល់ហេដ្ឋា រចនាសម្ព័ន្ធឌីជីថល លោកបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែពង្រឹងលំហូរពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសដ៏ទាក់ទាញ សម្រាប់វិនិយោគិនបរទេស ដែលកំពុងស្វែងរកការបណ្តាក់ទុនប្រកបដោយ និរន្តរភាព និងទទួលបានប្រាក់ចំណេញខ្ពស់។
ដោយគូសបញ្ជាក់ពីកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន ដែលត្រូវបានរំពឹងថា នឹងមានតម្លៃ លើសពី ៣០០ ពាន់លានដុល្លារ អ្នកឧកញ៉ា សៀ ឫទ្ធី បានចង្អុលបង្ហាញពីតម្រូវការបណ្តាញ 5G មជ្ឈមណ្ឌល ទិន្នន័យ (data center) បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិក (e-commerce) ថាជាវិស័យផ្លាស់ប្តូរដ៏សំខាន់។ លោកបានថ្លែងថា៖ “បច្ចេកវិទ្យា និងកម្មវិធីឌីជីថលនឹងដើរតួនាទីស្នូល ក្នុងការ កសាងភាពប្រកួតប្រជែងរបស់អាស៊ាននៅលើឆាកពិភពលោក”។

ងាកមកប្រទេសកម្ពុជាវិញ អ្នកឧកញ៉ា សៀ ឫទ្ធី បានពណ៌នាថា កម្ពុជា គឺជាច្រកទ្វារ និង មជ្ឈមណ្ឌលភស្តុភារសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់។ លោកបានគូសបញ្ជាក់ពីគោលនយោបាយគាំទ្រការវិនិយោគរបស់រាជរដ្ឋាភិបាល រួមមានច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១ ដែលបានលើកទឹកចិត្តដល់វិនិយោគិន ជាច្រើន ដូចជាការអនុញ្ញាតឱ្យបរទេសកាន់កាប់កម្មសិទ្ធិ ១០០% នៅក្នុងវិស័យជាច្រើន ការលើកលែងពន្ធលើប្រាក់ចំណូល និងការនាំចូលសម្ភារៈគ្មានពន្ធសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។លោកក៏បានចង្អុលបង្ហាញពីតំបន់សេដ្ឋកិច្ចពិសេស (SEZs) របស់កម្ពុជា ដែលផ្តល់សេវាកម្មអាជីវកម្ម "ច្រកចេញ ចូលតែមួយ" ដល់វិនិយោគិន ក៏ដូចជាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPPs) ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍ អន្តរជាតិ ដែលធានាថា គម្រោងទ្រង់ទ្រាយធំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចទទួលបានការគាំទ្រហិរញ្ញវត្ថុ។
អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានសង្កត់ធ្ងន់បន្ថែមទៀតទៅលើការបើកចំហររបស់កម្ពុជាចំពោះគម្រោងផ្លាស់ប្តូរ ថាមពល បៃតង រួមជាមួយនឹងឱកាសក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងទីក្រុងឆ្លាតវៃ។ លោកបានថ្លែងថា៖ “កម្ពុជាស្វាគមន៍ដៃគូ ដែលចែករំលែកទស្សនៈវិស័យរបស់យើង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រៀមរួចជា ស្រេច សម្រាប់អនាគត និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងអាជីវកម្មដូចគ្នា”។

ជាចុងក្រោយ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សនៅក្នុងគម្រោងភស្តុភារកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ ដោយកត់សម្គាល់ថា គំនិតផ្តួចផ្តើមដែលបង្កើតការងារ បង្កើនជំនាញកម្មករ និងគាំទ្រសហគ្រាស ធុនតូច និងមធ្យម ត្រូវបានរដ្ឋាភិបាល និងសង្គមកម្ពុជាឱ្យតម្លៃជាពិសេស។ លោកបានថ្លែងបន្តថា៖ “កម្ពុជាមិនត្រឹម តែជាទីផ្សារនៃឱកាសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅក្នុងតំបន់ អាស៊ានផងដែរ”។
វេទិកាចំណេះដឹងពិភពលោក គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រមូលផ្តុំរដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច និងអ្នកច្នៃប្រឌិតពី តំបន់អាស៊ី និងទូទាំងពិភពលោក ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសកល ក្នុងយុគសម័យនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។