សារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស បានជំរុញឱ្យមានរដ្ឋសមាជិក UN ទាំងអស់ លើកកម្ពស់ និងគោរពគោលការណ៍ចំនួនរបស់ UN រួមមានគោលការណ៍អធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីរបស់រដ្ឋសមាជិក។ ជាមួយគ្នានេះ លោក ក៏បានសម្តែងការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែខ្លាំងនៅប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី ម៉ាឌូរ៉ូ ខណៈសហរដ្ឋអាម៉េរិក បាននិយាយថា ខ្លួនមិនមានគម្រោងកាន់កាប់ប្រទេសអាម៉េរិកឡាទីននេះនោះទេ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេសបានជួបប្រជុំគ្នាពាក់ព័ន្ធនឹងបញ្ហានេះនៅប៉ុន្មានម៉ោងមុនពេលលោក ម៉ាឌូរ៉ូ ត្រូវបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ ដើម្បីតតាំងក្តីពីបទចោទប្រកាន់ឧក្រិដ្ឋកម្មគ្រឿងញៀន។
នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ាយ វ៉ល (Mike Waltz ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំ UN បានអះអាងថា អ្វីដែលសហរដ្ឋអាម៉េរិកបានធ្វើ ជាការអនុវត្តច្បាប់វះកាត់ ដែលសម្របសម្រួលដោយយោធា ប្រឆាំងនឹងជនជាប់ចោទពីរនាក់ ដែលរត់គេចខ្លួនពីយុត្តិធម៌អាម៉េរិក។ លោកបានព្យាយាមបកស្រាយការពារប្រតិបត្តិការយោធារបស់អាម៉េរិកនៅវេណេស៊ុយអេឡា ថា នេះមិនមែនជាសង្គ្រាមប្រឆាំងនឹងវេណេស៊ុយអេឡានោះទេ ហើយអាម៉េរិកក៏គ្មានគម្រោងកាន់កាប់ប្រទេសណាមួយនោះដែរ ប៉ុន្តែអាម៉េរិកមិនអនុញ្ញាតិឱ្យមាននរណាកសាងមូលដ្ឋានប្រឆាំងនឹងសហរដ្ឋអាម៉េរិកឡើយ។
នៅក្នុងកិច្ចប្រជុំនោះឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា រុស្ស៊ី ចិន និងកូឡុំប៊ី បានថ្កោលទោសប្រតិបត្តិការយោធារបស់អាម៉េរិក និងបានចាត់ទុកជាទង្វើខុសច្បាប់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅតែមិនអាចធ្វើអ្វីសហរដ្ឋអាម៉េរិកបាន ដោយសារតែអាមេរិកជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍ ដែលមានមានសិទ្ធិវេតូរួមជាមួយរុស្ស៊ី ចិន អង់គ្លេស និងបារាំង៕
ដោយៈ សរ សុជាតិ