
ទិន្នន័យបានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៥ ការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនថ្មីៗនៅហុងកុង បានកើនឡើងខ្លាំងគួរឱ្យភ្ញាក់ផ្អើលឈានដល់១៤ពាន់លានដុល្លារ ពោលគឺកើនឡើនជាង៨ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យហុងកុង ស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការដណ្ដើមយកតំណែងពីទីផ្សារភាគហ៊ុន Nasdaq និងញ៉ូវយ៉ក ក្នុងនាមជាគោលដៅបោះផ្សាយ IPO ដ៏ធំបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៥ នេះ។
ការហក់ឡើងយ៉ាងគំហុកនេះកើតមានឡើង បន្ទាប់ពីមានការធ្លាក់ចុះក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះដោយសារក្តីបារម្ភផ្នែកសេដ្ឋកិច្ច។ ហេតុផលចម្បងៗនៅពីក្រោយការស្ទុះងើបឡើងវិញនៃផ្សារហ៊ុនហុងកុងនេះរួមមាន ការគាំទ្ររបស់ទីក្រុងប៉េកាំង សម្រាប់ការចុះបញ្ជីផ្សារហ៊ុននៅក្រៅប្រទេស ការពន្យារពេលឡើង IPO នៅចិនដីគោក ការបារម្ភអំពីការលុបឈ្មោះចេញពីបញ្ជីផ្សារហ៊ុនរបស់សហរដ្ឋអាម៉េរិក និងការចាប់អារម្មណ៍ខ្លាំងពីបណ្ដាវិនិយោគិននៅក្នុងវិស័យ បច្ចេកវិទ្យា និងបញ្ហាសិប្បនិម្មិត AI ។
បណ្ដាវិនិយោគិននៅចិន ដីគោក ក៏បានរួមចំណែកធ្វើឱ្យការឡើង IPO នៅហុងកុង ហក់ឡើងខ្លាំងផងដែរដោយសារពួកគេបានសម្រុកទិញភាគហ៊ុនហុងកុង កាន់តែច្រើន ហើយនោះក៏ដោយសារតែវិធានស្ដីពីការគ្រប់គ្រង AI និងការឡើង IPO មានភាពកាន់តែងាយស្រួលសម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនជីវបច្ចេកវិទ្យា។
ផ្សារហ៊ុនហុងកុង ពេលនេះ ស្ថិតក្នុងចំណោមទីផ្សារហ៊ុនដែលដំណើរការល្អបំផុតនៅទូទាំងពិភពលោក ដោយសន្ទស្សន៍ផ្សារហ៊ុនហុងកុង Hang Seng បានហក់ឡើងរហូតដល់ទៅ២១%នៅឆ្នាំនេះ។ ហើយដោយមានក្រុមហ៊ុនរហូតដល់ទៅជាង២០០ផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការដាក់ពាក្យស្នើសុំឡើង IPO ទីផ្សារហុងកុង នឹងបន្តមានសម្ទុះកើនឡើងទៀតជាលំដាប់នៅឆ្នាំ២០២៥ នេះ៕
ដោយ: តែម សុខុម