សម្រាប់អ្នកជំនាញ ការជំរុញការអភិវឌ្ឍន៍នៅក្នុងខេត្តជាប់ព្រំដែនជាមួយថៃ មិនត្រឹមតែរួមចំណែកជួយជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងខេត្តជាប់ព្រំដែនប៉ុណ្ណោះទេ តែថែមទាំងអាចក្លាយជាខឿនមួយក្នុងការជួយការពារសុវត្ថិភាពរបស់ពលរដ្ឋផងដែរ។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមបានលើកឡើងថា ស្របពេលស្ថានភាពនៅតាមព្រំដែនបានផ្អាកឈប់បាញ់ប្រហារគ្នា ក្រសួង-ស្ថាប័នពាក់ព័ន្ធគួរពង្រីកឱ្យមានផ្លូវក្រវាត់នៅតាមព្រំដែនកម្ពុជា ជាមួយថៃ ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញប្រជាពលរដ្ឋឱ្យទៅរស់នៅនៅតាមបណ្តោយព្រំដែន។ តែយ៉ាងណា ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យទៅរស់នៅតាមតំបន់ព្រំដែនបានលុះត្រាតែតំបន់នោះមានសន្តិសុខ និងសុវត្ថិភាព មានទឹកភ្លើង និងអ៊ីនធើណិត ជាពិសេសមានការបង្កើតរោងចក្រកែច្នៃផលិតផល និងឧស្សាហកម្មជាដើម។
ជាមួយគ្នានេះ លោក យង់ គិមអេង យល់ឃើញថា ការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន គឺជារឿងដ៏ចាំបាច់ ដែលតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ពិសេសបង្កើនឱ្យមានភាពទាក់ទាញ ជំរុញដល់សក្ដានុពលវិស័យទេចរណ៍ និងទាក់ទាញអ្នកវិនិយោគពីលោកខាងលិចដែលមានកេរ្តិ៍ឈ្មោះល្អ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋ និងជំរុញឱ្យមានសុវត្ថិភាពតាមព្រំដែន។ បើតាមអ្នកជំនាញរូបនេះ ជាជាងផ្ដោតតែលើការអភិវឌ្ឍនៅបណ្ដាទីក្រុងនានា លោកសំណូមពរដល់ភាគីពាក់ព័ន្ធ គួរចូលរួមអភិវឌ្ឍនៅតំបន់ជាយដែនឱ្យបានច្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យផលប្រយោជន៍សាធារណៈ និងឯកជននៅតាមតំបន់មួយចំនួននៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ បានរងការបំផ្លិចបំផ្លាញយ៉ាងដំណំពីការវាយប្រហារយ៉ាងសាហាវឃោរឃៅរបស់យោធាថៃ នៅក្នុងការប្រយុទ្ធគ្នារយៈពេល២១ថ្ងៃ ដែលទើបឈានដល់ការអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះការបង្កើនការអភិវឌ្ឍន៍នៅតាមតំបន់ជាប់ព្រំដែនមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាឃឿនជួយការពារសុវត្ថិភាពរបស់ពលរដ្ឋផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា