លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងថា កម្រិតបំណុលសាធារណៈរបស់កម្ពុជា គឺស្ថិតក្នុងទំហំមួយ ដែលអាចគ្រប់គ្រងបានបើប្រៀបធៀបតាមស្ដង់ដាអន្តរជាតិ។ យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ចរូបនេះបានចាត់ទុកការកើនឡើងនៃបំណុលពីមួយឆ្នាំទៅមួយឆ្នាំរបស់កម្ពុជា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រហិរញ្ញវត្ថុវៃឆ្លាត ដើម្បីយកមកបណ្ដាក់ទុនលើហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្ស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ឆ្លើយតបនឹងវិបត្តិសកល។ សម្រាប់អ្នកជំនាញរូបនេះ បំណុលក្នុងទំហំ១៣ពាន់លានដុល្លារនេះមិនអាចចាត់ទុកជាហានិភ័យខ្ពស់នៅឡើយទេ តែយ៉ាងណាកម្ពុជា ក៏គួរតែបន្តអនុវត្តគោលនយោបាយគ្រប់គ្រងបំណុលដោយប្រុងប្រយ័ត្នដោយផ្ដោតលើការបង្កើនចំណូលក្នុងស្រុក។
ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ទោះបីបំណុលជារឿងធម្មតាមិនអាចចៀសផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍ តែបើវាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដូចកម្ពុជា ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់។ ជាមួយគ្នានេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរបើកវេទិកាវែកញែកឱ្យបានទូលំទូលាយបន្ថែមទៀត ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល និងធានាថា កម្ចីត្រូវបានប្រើប្រាស់ចំគោលដៅ និងមានតម្លាភាពបំផុតក្នុងគ្រា ដែលសេដ្ឋកិច្ចសកលកំពុងផុយស្រួយនេះ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបជាង១០ពាន់លានដុល្លារអាម៉េរិក ក្នុងនោះរាជរដ្ឋាភិបាលគ្រោងខ្ចីបំណុលពីដៃនានាប្រមាណ៣,១ពាន់លានដុល្លារ ដើម្បីបង្គ្រប់ការចំណាយដោយសារកម្ពុជា ត្រូវបានវាយតម្លៃថា អាចប្រមូលចំណូលបានប្រមាណ៨ពាន់លានដុល្លារអាម៉េរិក។ បើតាមការអះអាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការខ្ចីបំណុលពីក្រៅប្រទេសក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជា នោះទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ដោយស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យកម្រិតទាបដដែលដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕
អត្ថបទ៖ ជា ម៉ារ៉ា