
ធនាគារស្វីស UBS បានស្ទង់មតិលើធនាគារកណ្ដាល និងអ្នកគ្រប់គ្រងទុនបម្រុងអន្តរជាតិ ចំនួន៤០ ហើយលទ្ធផលបង្ហាញថា ធនាគារកណ្តាលទូទាំងពិភពលោកកំពុងចាប់ផ្ដើមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ហើយងាកមកចាប់អារម្មណ៍កាន់តែខ្លាំងលើប្រាក់អឺរ៉ូ ប្រាក់យន់ និងមាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ ទោះបីប្រាក់ដុល្លារអាម៉េរិក នៅតែជារូបិយប័ណ្ណបម្រុងដ៏ចម្បងរបស់ពិភពលោកយ៉ាងណាក្ដី ក៏ការកើនឡើងនូវហានិភ័យសេដ្ឋកិច្ច និងនយោបាយ ជាពិសេសក្រោមគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យធនាគារកណ្តាលជាច្រើនពិចារណាឡើងវិញនូវការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក។ ទិន្នន័យបង្ហាញថា ជិត១ភាគ៣នៃធនាគារកណ្ដាលទូទាំងពិភពលោកបានកាត់បន្ថយរួចហើយ ឬគ្រោងកាត់បន្ថយការកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារអាម៉េរិក។
ជាង៥០%នៃធនាគារកណ្ដាល និងអ្នកគ្រប់គ្រងរូបិយប័ណ្ណបម្រុងដែលបានឆ្លើយក្នុងការស្ទង់មតិបានកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ហើយមានតែ២៣% ប៉ុណ្ណោះ ដែលបានបង្កើនការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក។ ទន្ទឹមនេះ ស្ទើរតែ៧០% បានបង្កើនការកាន់កាប់ប្រាក់អឺរ៉ូ។ មាសក៏កំពុងទទួលបានប្រជាប្រិយភាពកើនឡើងផងដែរ ដោយ៣៦%នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិបានទិញចូលមាសបន្ថែមសម្រាប់ទុនបម្រុងរបស់ខ្លួនកាលពីឆ្នាំមុន ហើយជាងពាក់កណ្តាលគ្រោងនឹងទិញចូលមាសបន្ថែម។
ធនាគារស្វីស UBS និយាយថា ការផ្លាស់ប្តូរនិន្នាការនេះទំនងជានឹងបន្ត ជាពិសេសនៅពេលដែលប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃជាង១០% ក្នុងឆមាសទី១ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះខ្លាំងបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៧៣ មក។
កង្វះទំនុកចិត្តលើគោលនយោបាយ "ធ្វើឱ្យអាម៉េរិក អស្ចារ្យម្តងទៀត" (Make America Great Again) របស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការព្រួយបារម្ភអំពីការចុះខ្សោយឯករាជភាពរបស់ធនាគារកណ្ដាលអាម៉េរិក និងនីតិរដ្ឋរបស់សហរដ្ឋអាម៉េរិក និងលទ្ធភាពដែលសហរដ្ឋអាម៉េរិកអាចនឹងព្យាយាមធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃដើម្បីជំរុញការនាំចេញ។
ទោះបីជាមាននិន្នាការផ្លាស់ប្តូរនេះក៏ដោយ ក៏ប្រាក់ដុល្លារអាម៉េរិក ត្រូវបានព្យាករថានឹងនៅតែជារូបិយប័ណ្ណបម្រុងដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ពេលបច្ចុប្បន្ន។ ប៉ុន្តែការធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិ តាមរយៈការបង្កើនការកាប់កាប់រូបិយប័ណ្ណ និងទ្រព្យសកម្មផ្សេងៗទៀតដូចជាមាសជាដើម កំពុងបង្កើនល្បឿន៕
ដោយ: តែម សុខុម